ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុនខូហ្វី បើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើទ្រឹស្តីជំនាញឆុងកាហ្វេ ដើម្បីពង្រឹងគុណភាពដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណង និងកំពុងបម្រើការងារក្នុងជំនាញឆុងកាហ្វេ។
ក្រសួងទេសចរណ៍ បើកប្រកាសដល់បុគ្គលដែលបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ចូលរៀនវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើទ្រឹស្តីជំនាញឆុងកាហ្វេ ក្រោមការសហការជាមួយក្រុមហ៊ុនខូហ្វី។ ការបណ្តុះបណ្តាលមានរយះពេល ៤សប្តាហ៍ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀងរាល់ពេលព្រឹកថ្ងៃសៅរ៍ ម៉ោង ៩:០០- ១១:៣០ នាទីព្រឹក។
ការសិក្សាវគ្គបណ្តុះបណ្តាលនេះ នឹងបង្រៀនអំពីរបៀបនៃការជ្រើសរើសកាហ្វេអេសប្រេសសូដែលល្អ របៀបសារ៉េកម្រិតកិននៃម៉ាស៊ីនកិនគ្រាប់កាហ្វេ ការរក្សាទុកកាហ្វេ ទឹកដោះគោសម្រាប់ធ្វើកាហ្វេ មីនុយកាហ្វេស្តង់ដា របៀបនៃការសម្អាត និងការច្នៃបង្កើតភេសជ្ជៈថ្មីៗ៕