ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ១១,១៤៧.១៧ លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ កើនឡើង ២២.៥០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ កម្ពុជាបាននាំទំនិញចេញទៅទីផ្សារប្រទេសចិនក្នុងទឹកប្រាក់សរុបចំនួន ១,២៧៨.៩៦ លានដុល្លារ កើនឡើង ២០.៧៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ ក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន គឺស្ថិតក្នុងទំហំទឹកប្រាក់ច្រើនជាងគេ គឺក្នុងទំហំជាង ១១ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចូលទំនិញពីចិនក្នុងទឹកប្រាក់ចំនួន ៩,៨៦៨.២២ លានដុល្លារ កើនឡើង ២២.៧៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក៏បានកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិនជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៏មានការកើនឡើងនូវការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ រួមទាំងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស៕