Cctimesw1140xh150cm copy

«ផ្សោតពណ៌ផ្កាឈូក»នៅកំពតបន្តកើនឡើង៧០ក្បាលនិងកំពុងទាក់ចិត្តទេសចរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖ ផ្សោតពណ៌ផ្កាឈូក នៅខេត្តកំពត បាននឹងកំពុងបន្តកើនឡើងដល់៧០ក្បាល និង កំពុងទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត។ការបន្តកើនឡើងនេះ គឺស្របតាមរយៈទស្សនវិស័យ និង ការដឹកនាំរបស់ក្រសួងកសិកម្ម តាមរយៈការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ។

យោងតាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះចំនួនផ្សោតពណ៌ផ្កាឈូកនៅ សហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត បានកើនឡើងដល់ ៧០ក្បាល។ចំណែក ផ្សោតក្បាលត្រឡោក ពុំទាន់អាចកំណត់ចំនួនបាន និង សត្វជ្រូកទឹកស្នាក់នៅអចិន្ត្រៃយ៍ចំនួន១ក្បាល។

សព្វថ្ងៃនេះ ចំនួនភ្ញៀវទៅកម្សាន្ត ជិះទូកមើលផ្សោតពណ៌ផ្កាឈូក មានកំណើនគួរឲ្យកត់សម្គាល់។ភ្ញៀវទេសចរមួយចំនួនដែលមានបំណងទៅទស្សនាសត្វផ្សោតពណ៌ផ្កាឈូក និង សត្វផ្សោតក្បាលត្រឡោក ត្រូវកក់ទូកមុនយ៉ាងហោចណាស់ ២ថ្ងៃ ដោយសារទូករបស់សហគមន៍នៅមានកម្រិត ខណៈភ្ញៀវទេសចរដែលចង់ទស្សនាសត្វផ្សោតមានចំនួនច្រើន។នេះបើតាមការ អះអាងពី លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត។

ប្រធានសហគមន៍នេសាទព្រែកត្នោតរូបនេះ បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដែលបានជួយការពារបង្ក្រាបបទល្មើសនេសាទ ព្រមទាំងអភិរក្សធនធានធម្មជាតិ រាប់ចាប់តាំងពីព្រៃកោងកាង ដែលក្លាយជាជម្រកនៃវារីសត្វដែលជាចំណីរបស់សត្វផ្សោត ការការពារនិងពង្រីកស្មៅសមុទ្រជាចំណីរបស់សត្វជ្រូកទឹក។

សម្រាប់លោក អ៊ុក សុវណ្ណារិទ្ធ សមិទ្ធផលនេះ បានជួយដល់ប្រជាសហគមន៍ ទាំងផ្នែកសេដ្ឋកិច្ច និងជាពិសេសនិរន្ដរភាពនៃធនធានធម្មជាតិ ស្របទៅតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង