ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិនជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៏មានការកើនឡើងនូវការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ រួមទាំងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស។
ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោក Wang Yalian អភិបាលក្រុង Ji’an ខេត្ត Jiangxi សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មក្រុង Ji an លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីស្ថានភាពវិនិយោគ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជាដែលមានភាពបើកចំហ តម្លាភាព និងភាពអាចប៉ាន់ប្រមាណទុកជាមុនបាន រួមជាមួយនឹងកញ្ចប់លើកទឹកឆ្លាត ហើយដំណើរទស្សនកិច្ចនេះនឹងជួយជំរុញទាំងការវិនិយោគ និងភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត។
លោក WangYalian ប្រធានគណៈប្រតិភូបានលើកឡើងថាបរិស្ថានវិនិយោគនៅកម្ពុជាពិតជាមានភាពអំណោយផល។ បន្ថែមលើនេះ លោកបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះក៏មានបំណងលើកកម្ពស់ទំនាក់ទំនងរវាងងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែកកិច្ចសហប្រតិបត្តិការរវាងក្រុង Jian ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន។
លោក ជា វុទ្ធី បានស្នើឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជាជូនទៅវិនិយោគិនចិន ដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ដោយកម្ពុជាមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្ម និងមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើមដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម ព្រមទាំងពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕