Cc time web banner 054637

សម្តេចហ៊ុន សែន ស្នើចិនប្រើយន្តហោះដឹកវត្ថុធាតុដើមមកកម្ពុជា ដើម្បីសង្រ្គោះវិស័យកាត់ដេរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
សម្តេចហ៊ុន សែន ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងភ្នំពេញ បានជំរុញឱ្យរដ្ឋាភិបាលចិនជួយពន្លឿនការបញ្ជូនវត្ថុធាតុដើមជាក្រណាត់មកកាន់ប្រទេសកម្ពុជាឱ្យបានលឿន ដើម្បីជួយសង្រ្គោះដល់រោងចក្រកាត់ដេរមួយចំនួនដែលនឹងត្រូវបិទទ្វារនាពេលខាងមុខនេះ។ វត្ថុធាតុដើមជាក្រណាត់ដែលផ្គត់ផ្គង់តាមរោងចក្រនានានៅកម្ពុជា គឺប្រមាណ៦០%នាំចូលមកពីប្រទេសចិន។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃពុធនេះ សម្តេចហ៊ុន សែន បានលើកឡើងថា ចិនអាចប្រើប្រាស់យន្តហោះដើម្បីដឹកជញ្ជូនវត្ថុធាតុដើមទាំងនេះមកកម្ពុជា ព្រោះចិនមានយន្តហោះច្រើនណាស់។ សម្តេចថា ចិន អាចដឹកបញ្ជូនវត្ថុធាតុដើមតាមយន្តហោះផង និង តាមនាវាដឹកទំនិញផង ដើម្បីជួយសង្រ្គោះស្ថានការរោងចក្រនៅកម្ពុជា។

បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្រ្តីក៏បញ្ជាក់ដែរថា កម្ពុជាអាចនឹងជួលយន្តហោះដឹកទំនិញ ដើម្បីទៅដឹកវត្ថុធាតុដើមពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា។ សម្តេចហ៊ុន សែន បានបញ្ជាក់ថា៖«ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលយើងយកឱ្យបានឆាប់ យន្តហោះចិន និងយន្តហោះកម្ពុជាបញ្ជូនទៅដឹកវត្ថុធាតុដើមផ្តល់រោងចក្រ។ អ៊ីចឹង យើងអាចខាតបង់ទៅលើបញ្ហាមួយចំនួននៃការដឹកជញ្ជូន ប៉ុន្តែជំនួសមកវិញនូវការរក្សាបាននូវការការងារធ្វើ និងប្រាក់ចំណូលដល់កម្មករ និងសង្វាក់ផលិតកម្មរបស់រោងក្រដែលអាចឱ្យរោងចក្រមានផលចំណេញតទៅទៀតដែលអាចជៀសវាងពីការបិទ»។

គួរជម្រាបជូនថា រោងចក្រកាត់ដេរមួយចំនួននៅកម្ពុជាកំពុងប្រឈមមុខនឹងការព្យួរការងារកម្មករ ឫបិទទ្វារតែម្តង ដោយសារតែខ្វះវត្ថុធាតុដើម ដើម្បីបន្តសង្វាក់ផលិតកម្មរបស់ខ្លួន។ មូលហេតុនៃការខ្វះវត្ថុធាតុដើមនេះ គឺដោយសារតែរោងចក្រវត្ថុធាតុដើមនៅចិនបានបិទបណ្តោះអាសន្នព្រោះតែការលុកលុយពីមេរោគឆ្លងកូរ៉ូណាថ្មី។ សម្រាប់កម្ពុជាវិញ ក្រសួងការងារបានឱ្យដឹងថា ការព្យួរការងារ ដោយសារខ្វះវត្ថុធាតុដើមនេះ គឺអាចនឹងកើតឡើងនៅក្នុងខែមីនា និង ខែមេសាខាងមុខនេះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វិស័យកាត់ដេរ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង