.jpg?1729314693)
ភ្នំពេញ៖ អូស្ត្រាលីថ្មីប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេសគាំទ្រនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ការប្ដេជ្ញានេះ ត្រូវបានលើកឡើងនាឱកាសពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
លោក Derek Yip ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា បានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាគាំទ្រកម្ពុជាដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។ លោកគាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។
សម្ដេច ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើលើវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, ថាមពលស្អាត, សុខាភិបាល, អប់រំ, ការពារជាតិ និងសន្តិសុខ រួមទាំងការបណ្តុះបណ្តាល ផងដែរ។
សម្ដេចបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនា និងយន្តការក្នុងការផ្លាស់ប្តូរព័ត៌មានលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ ៕

