ភ្នំពេញ៖ សប្បុរសជនពីរគ្រួសាររួមមានលោកឧកញ្ញា តែ មាន និងលោក Zhong gui qiang នៅព្រឹកថ្ងៃទី១៨ តុលានេះ បាននាំយកថវិកាចំនួន ១១៤,០០០ ដុល្លារ បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់មន្ទីរពេទ្យក្នុងការផ្តល់ជូនសេវាព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ។
ពិធីប្រគល់-ទទួល ថវិកាបរិច្ចាគនេះ ធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដោយមានលោកឧកញ្ញា តែ មាននិងលោក zhong gui qiang ព្រមទាំងលោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
លោកឧកញ្ញា តែ មាន តំណាងឲ្យគ្រួសារសប្បុរសជន បានមានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផាតែងតែបម្រើដល់ក្រុមគ្រួសារដែលជួបការលំបាក ដោយអនុញ្ញាតឱ្យកុមារមកពីគ្រួសារក្រីក្រទទួលបានសេវាព្យាបាលគុណភាពខ្ពស់ ដោយឥតគិតថ្លៃ។
លោកឧកញ៉ា បានបន្ថែមថា លោក និងលោក Zhong Guiqiang ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគដល់មន្ទីរពេទ្យជារៀងរាល់ឆ្នាំ ហើយចំនួននៃការបរិច្ចាគបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាំងពី ២០,០០០ ទៅ ៣០,០០០ ដុល្លារ រហូតនាពេលបច្ចុប្បន្ននេះថវិកាបរិច្ចាគបានកើនដល់ ១១៤,០០០ ដុល្លារអាម៉េរិក។
លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ្ញា តែ មាន និងលោក zhong gui qiang ព្រមទាំងក្រុមគ្រួសារ ដែលមានទឹកចិត្តដ៏ល្អប្រពៃក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
សូមជម្រាបថា អស់រយៈពេលជាង ១០ឆ្នាំមកហើយដែលលោកឧកញ្ញា តែ មាន និងលោក zhong gui qiang ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគថវិកាជាប្រចាំដល់មន្ទីរពេទ្យគន្ធបុប្ផា និងគាំទ្រការអភិវឌ្ឍន៍មន្ទីរពេទ្យ។ ក្រៅពីបរិច្ចាគដល់មន្ទីរពេទ្យ លោកឧកញ្ញា តែ មាន និងលោក zhong gui qiang ក៏បានផ្តល់មូលនិធិដល់មណ្ឌលកុមារកំព្រា និងបរិច្ចាគដើម្បីកសាងសាលាភាសាចិនផងដែរ៕