សៀមរាប៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញនូវសេចក្តីប្រកាសបន្តលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប ក្នុងគោលបំណងជួយស្តារវិស័យទេសចរណ៍ឱ្យបានល្អឡើងវិញ។
យោងតាមប្រការ២ នៃសេចក្តីប្រកាស វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ គឺអនុវត្តសម្រាប់តែសហគ្រាសក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានជាអាទិ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និង បានកំពុងមានសកម្មភាពអាជីវកម្មនៅក្នុងខេត្ត។
ប្រការ៣នៃសេចក្តីប្រកាស ការលើកទឹកចិត្តពន្ធដារ គឺលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និង អាករលើការស្នាក់នៅ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលសហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ជាមួយគ្នានោះ មិនទទួលរងការធ្វើសវនកម្មពន្ធដារ ឆ្នាំ២០២៤។