Cctimesw1140xh150cm copy

កម្ពុជានឹងរងឥទ្ធិពលពី«ខ្យល់មូសុងឦសាន និងសម្ពាធទាប» ចាប់ពីថ្ងៃទី១៨-២០ តុលា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងទទួលរងខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបបន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃនេះ។

តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសឦសាននិងបូព៌មានល្បឿនមធ្យម ២,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦៥%។

តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសឦសាននិងបូព៌មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥%។

តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសឦសាន មានល្បឿនមធ្យម ២,៥០ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២០ម៉ែត្រ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង