ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេចមួយស្តីពី ការលុបទិន្នន័យចេញពីបញ្ចីគ្រប់គ្រងយានយន្តនគរបាលជាតិ ដែលពាក់ផ្លាកលេខ«នគរបាល ឬហៅកាត់ថា ន.ប» ក្នុងដំណាក់កាលទី១មានប្រមាណជិត២ពាន់គ្រឿង ក្នុងនោះមានរថយន្តទេសចរណ៍ រថយន្តដឹកទំនិញធុនស្រាល និង ទោចក្រយានយន្ត។
យោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយ លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តនគរបាលជាតិដែលមានពាក់ផ្លាកលេខ ន.ប មានប្រមាណជិត២ពាន់គ្រឿងក្នុងនោះ រថយន្តទេសចរណ៍ ១១៣៩គ្រឿង និង រថយន្ដដឹកទំនិញធុនស្រាលចំនួន ១៦២ គ្រឿង និង ទោចក្រយានយន្តចំនួន ៦៤៦ គ្រឿង ។
លោក ស ថេត បានចេញបទបញ្ជាដល់នាយករដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលទេសចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ និង ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃប្រកាសនេះតទៅ។
ជាការកត់សម្គាល់ សេចក្តីសម្រេចលុបចោលយានយន្តពាក់«ផ្លាកលេខន.ប»ជិត២ពាន់គ្រឿងចេញពីបញ្ជីគ្រប់គ្រងអគ្គស្នងការនគរបាលជាតិនេះ គឺធ្វើឡើងក្រោយពីគេមើលឃើញថា រងការរិះគន់ពីសាធារណជនចំពោះមន្ត្រីបើកយានយន្តពាក់ផ្លាកលេខ នគរបាលជាតិមួយចំនួន តាមរយៈបើកបរល្មើសច្បាប់ ប្រើសិទ្ធិអំណាចហួសហេតុ ហើយរថយន្តខ្លះបើកបរដោយជនបរទេសជាដើម៕