Cctimesw1140xh150cm copy

«គ្រូពេទ្យវ័យក្មេងកម្ពុជា»ជាង១០០នាក់នឹងទៅបន្តការសិក្សានៅប្រទេសបារាំង ឆាប់ៗនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី១៦ ខែតុលា បានរៀបចំពិធីជួបជុំមួយ ដើម្បីអបអរដល់គ្រូពេទ្យវ័យក្មេងកម្ពុជា ចំនួនជាង១០០នាក់ ដែលនឹងចេញដំណើរទៅបន្តការបណ្តុះបណ្តាលនៅប្រទេសបារាំង ដោយមានការចូលរួមជាកិត្តិយសពីលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

ឆ្នាំ២០២៤ជាជំនាន់ពិសេសមួយ ដោយហេតុថានិស្សិត និងគ្រូពេទ្យចំនួន១១៥នាក់នឹងចេញទៅបន្តការសិក្សាក្នុងក្របខ័ណ្ឌសិក្សាសញ្ញាប័ត្រវេជ្ជសាស្រ្តជំនាញ (DFMS) និងសញ្ញាប័ត្រវេជ្ជសាស្រ្តជំនាញជាន់ខ្ពស់(DFMSA) ខណៈដែលឆ្នាំកន្លងទៅ មានចំនួនតែចន្លោះពី៧០ទៅ៩០នាក់ប៉ុណ្ណោះ។ បន្ថែមពីលើនេះ និស្សិតពេទ្យចំនួន១៨នាក់ទៀតនឹងចេញទៅធ្វើកម្មសិក្សានៅតាមមន្ទីរពេទ្យនានានៅប្រទេសបារាំង។ កំណើននេះឆ្លុះបញ្ចាំងការរីកចម្រើននៃការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តកម្រិតជំនាញនៅកម្ពុជា។

សញ្ញាប័ត្រ DFMS និង DFMSA អនុញ្ញាតឱ្យគ្រូពេទ្យ ឬឱសថការី ដែលមានសញ្ញាប័ត្រប្រកបវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្ត ឬឱសថសាស្រ្តនៅក្នុងប្រទេសរបស់ខ្លួន ចេញទៅបន្តការសិក្សាជំនាញនៅបារាំងរយៈពេលយ៉ាងហោចណាស់មួយឆ្នាំ។ ពួកគេនឹងទទួលបានការបណ្តុះបណ្តាលផ្នែកទ្រឹស្តី និងចុះកម្មសិក្សាដែលផ្តោតលើការអនុវត្តជាក់ស្តែង។ ចាប់តាំងពីឆ្នាំ១៩៩៦មក និស្សិតពេទ្យកម្ពុជាជាងមួយពាន់នាក់បានចេញទៅពង្រឹងការបណ្តុះបណ្តាលរបស់ខ្លួននៅប្រទេសបារាំង លើមុខជំនាញវេជ្ជសាស្រ្តផ្សេងៗក្នុងក្របខ័ណ្ឌនៃសញ្ញាប័ត្រទាំងពីរខាងលើ។

នៅក្នុងពិធីជូនដំណើរនេះ លោកឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេ បានមានប្រសាសន៍ថា ការជួបជុំក្នុងរាត្រីនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់យ៉ាងធំធេងចំពោះការបណ្តុះបណ្តាលពិសេសរបស់និស្សិតកម្ពុជា ព្រមទាំងបង្ហាញពីការកោតសរសើរដល់ការរួមចំណែកដ៏សំខាន់របស់ពួកគេក្នុងវិស័យសុខាភិបាល មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀតផង។ សម្រាប់លោកឯកអគ្គរដ្ឋទូត និស្សិតពេទ្យទាំងនេះគឺជា «ឯកអគ្គរដ្ឋទូត»នៃឧត្តមសិក្សាបារំាង និងភាសាបារាំង។

កិច្ចសហប្រតិបត្តិការបារាំងកម្ពុជានៅក្នុងវិស័យសុខាភិបាល មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ក្រៅពីការបណ្តុះបណ្តាល ប្រទេសទាំងពីរបានពង្រឹងចំណងទាក់ទងក្នុងវិស័យស្រាវជ្រាវ តួយ៉ាងដូចជាការរៀបចំទិវាវិទ្យាសាស្រ្តស្តីពីជំងឺឆ្លង ដោយទីភ្នាក់ងារ ANRS MIE នៅកម្ពុជា កាលពីថ្ងៃទី១០ និងទី១១ ខែតុលា ឆ្នាំ២០២៤ នៅសៀមរាប។ ប្រទេសបារាំង និងកម្ពុជាក៏ធ្វើការរួមគ្នាក្នុងលក្ខណៈពហុភាគីផងដែរ ដើម្បីឆ្លើយតបនឹងបញ្ហាសុខាភិបាលសាកល ដូចជាតាមរយៈគំនិតផ្តួចផ្តើម PREZODE ដែលមានគោលដៅពង្រឹងការប្រយុទ្ធប្រឆាំងនឹងការលេចឡើងនូវជំងឺថ្មីៗក្នុងក្របខ័ណ្ឌនៃយន្តការ«សុខភាពតែមួយ»៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង