ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៥ តុលានេះ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០។ការរៀបចំពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។សម្តេច ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវតែខិតខំចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា ដើម្បីជាឱកាសសម្រាប់ការអភិវឌ្ឍ។
១៥ តុលា ១៩៩៤-១៥ តុលា ២០២៤ គឺ៣០នៃការបង្កើត«កងពលតូចលេខ៧០»។នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៥ តុលានេះ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ ដោយបានរៀបចំនូវកម្មវិធីបង្ហាញសម្ភាវុធ និង កងកម្លាំងនានា សម្តែងនូវការគោរពដឹងគុណយុទ្ធជនដែលបានពលីជីវិតក្នុងនៃបុព្វហេតុជាតិ។
យោងតាមរបាយការណ៍ នៅរយៈពេល៣០ឆ្នាំចុងក្រោយនេះ កងពលតូចលេខ៧០ បានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ធ សិក្សាតាមប្រព័ន្ធ បច្ចេកវិទ្យាទំនើប និងខិតខំពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ព្រមទាំងបានកសាងទីលានហ្វឹកហ្វឺនកម្រិតថ្នាក់ជាតិ អនុវត្តយ៉ាងម៉ឺងម៉ាត់ រាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពខុសច្បាប់នានា។
បើតាមរបាយការណ៍ដដែល កងពលតូចលេខ៧០ បានបញ្ជូនយោធិនទៅហ្វឹកហ្វឺនសង្គ្រោះ និង ជំនាញ ប្រឆាំងភេរវកម្ម នៅក្រៅប្រទេស ព្រមទាំងទទួលគ្រូបរទេស មកបំប៉នរយៈពេលខ្លី នៅកម្ពុជា។ទទួលជំនួយពីមិត្តជប៉ុនតាមរយៈអង្គការ JPR នូវរថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះគ្រប់ប្រភេទ បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅខេត្តព្រះវិហារ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ព្រមទាំងបានបញ្ជូន១កងអនុសេនាធំបោសសម្អាតមីនទៅបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ។
ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំនៃថ្ងៃបង្កើត សម្តេច ហ៊ុន ម៉ាណែត បានអរគុណដល់កងកម្លាំងទាំងអស់ដែលបានចូលរួមសុខសន្តិភាពជាតិ ដែលបានផ្តល់ឱកាសដល់កម្ពុជាទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ហើយសម្តេចបានបន្តអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវចូលរួមខិតខំចូលរួមថែរក្សាសន្តិភាពបន្តទៀត៕