ភ្នំពេញ៖ ចាប់តាំងពីបើកដំណើរការបានជិត១ឆ្នាំកន្លងមកនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលអ្បដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមានអ្នកដំណើរកើនឡើងជាង១លាននាក់ ហើយនឹងកើនដល់ ១លាន ៥០ម៉ឺននាក់ នៅដំណាច់ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
បើតាមរបាយការណ៍ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI)នេះ មានសមត្ថភាពអាចទទួលបានអ្នកដំណើរប្រចាំឆ្នាំចន្លោះពី៧លាននាក់/ឆ្នាំ សប្រាប់រយៈពេលខ្លី-មធ្យម និង២០លាននាក់/ឆ្នាំ សម្រាប់រយៈពេលវែង។ មួយវិញទៀត អាកាសយានដ្ឋាននេះអាចដឹកទំនិញបានចន្លោះពី ១០,០០០តោន/ឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម និង ៦០,០០០តោន/ឆ្នាំ សម្រាប់រយៈពេលវែង។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ហើយាបានបញ្ចប់ជាស្ថាពរនៅបំណាច់ខែមីនា ឆ្នាំ២០២៣ ដោយមានការអូសបន្លាយរយៈពេលសាងសង់បន្តិចបន្តួចបណ្តាលមកពីវិបត្តិកូវីដ-១៩។ ការសាងសង់អាកាសយានដ្ឋាននេះបានចំណាយទុនវិនិយោគរហូតដល់ទៅ ១,១០០លានដុល្លារ ក្នុងនោះក្រុមហ៊ុនវិនិយោគយុនណាន មានភាគហ៊ុនចំនួន ៧៦,៦% ក្រុមហ៊ុនសំណង់ និងវិនិយោគយុនណាន មានភាគហ៊ុន ២០% និង ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយុនណាន ដែលជាប្រតិបត្តិករ មានភាគហ៊ុនចំនួន ៣,៤%។
អាកាសយានដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០,០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦,០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥,៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២,៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕