ភ្នំពេញ៖ សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង២ទសវត្សរ៍មកនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ជំរុញការវិនិយោគ និង គាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល ជាពិសេស បានធ្វើឱ្យទំហំពាណិជ្ជកម្មកម្ពុជាកើនឡើងពី ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ កើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៦,៨២ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២២,៦៤ ពាន់លានដុល្លារអាម៉េរិក។
យោងតាមរបាយការណ៍របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ២០ឆ្នាំនៃការចូលជាសមាជិក WTO ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និង បានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៦,៨២ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២២,៦៤ ពាន់លានដុល្លារអាម៉េរិក។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃឡង់ដ៏, វៀតណាម និងកូរ៉េខាងត្បូង។ ទំនាក់ទំនងពាណិជ្ជកម្មទាំងនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ព្រមទាំងតាមរយៈអាស៊ាន ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់នៅក្នុងអាស៊ីអាគ្នេយ៍។
របាយការណ៍បញ្ជាក់ថា កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេស កើនឡើងពី ១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣។ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក។ ជាពិសេស អត្រាភាពក្រីក្រនៅកម្ពុជាត្រូវបានកាត់បន្ថយពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២។
បើតាមរបាយការណ៍ដដែល កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនទៀតដូចជា៖ ការកាត់បន្ថយពន្ធគយទីទីផ្សារអន្តរជាតិ, ទទួលបានកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ដោយស្របទៅតាមការប្តេជ្ញាចិត្តនៅក្រោមអង្គការ WTO, ការធ្វើពិពិធកម្មការនាំចេញ, និង ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ជាដើម។
គួរបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ ហើយបច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស៕