Cctimesw1140xh150cm copy

សិក្ខាកាម ៣០នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ បន្ទាប់ពីសិក្សាទាំងទ្រឹស្តី និងការចុះកម្មសិក្សាផ្ទាល់នៅតាមភូមិបុរាណមួយចំនួន នៅខេត្តសៀមរាបរួចហើយ សិក្ខាកាមសរុប ៣០នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ដោយរំពឹងថានឹងយកចំណេះដឹងដែលសិក្សារួច ទៅចូលរួមអភិវឌ្ឍន៍ផលិតផលបេតិកភណ្ឌវប្បធម៌របស់ខ្លួន ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានកោតសរសើរដល់វាគ្មិន ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលប្រឹងប្រែងចែករំលែក និងសិក្សារហូតទទួលបានជោគជ័យ។ បន្ថែមពីនេះ លោកអគ្គនាយករង ក៏បានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់សិក្ខាកាម ក្នុងការយកចំណេះដឹងដែលរៀនបាន សម្រាប់ការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការកែច្នៃសម្ភារផ្សេងៗចេញពីបេតិកភណ្ឌវប្បធម៌។ ទោះបីមានរយៈពេល៤ថ្ងៃ លោក ឡុង កុសល បានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះ ថាជាការចាប់ផ្តើមដាំដើមឈើ ហើយមិនយូរមិនឆាប់ ដើមឈើទាំងនោះនឹងចាក់ឫសបែកមែក និងមានផ្លែផ្កាជាមិនខាន។

លោកស្រី Jin Nara តំណាងគ្រូបង្គោលទាំង៤រូប នៃស្ថាប័នទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានបង្ហាញក្តីរីករាយជាខ្លាំង ដែលវគ្គបណ្ដុះបណ្ដាលខាងលើទទួលបានជោគជ័យ។ បន្ថែមពីនេះ លោកស្រី ក៏សប្បាយចិត្តផងដែរ ដែលបានសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តនៃរមណីយដ្ឋានអង្គរ បានឃើញភូមិបុរាណ និងទំនៀមទម្លាប់ការរស់នៅរបស់អ្នកភូមិនៅតំបន់រមណីយដ្ឋានអង្គរ។

ក្នុងនាមទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លោកស្រី Jin Nara ជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងដែលរៀនបាន ទៅបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែម តាមរយៈការបង្កើតវត្ថុអនុស្សាវរីយ៍ប្លែកៗ តូចៗ ទាក់ទាញការទិញពីភ្ញៀវទេសចរ។ បន្ថែមពីនេះ ត្រូវរកគំនិតដើម្បីបង្កើនគុណភាព និងការតុបតែងសិប្បកម្មនៅក្នុងសហគមន៍ជុំវិញ ដើម្បីឱ្យផលិតផលពួកគេកាន់តែមានតម្លៃបន្ថែម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង