ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅថ្ងៃទី១០តុលាបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុង នៅក្នុងមូលដ្ឋានខណ្ឌ ចំនួន៤ មានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរ អំពីសុខទុក្ខរបស់ពួកគាត់។ លោកបន្តថា បើទោះបី លោកនៅប្រទេសបារាំង ក៏ពិតមែន ប៉ុន្តែទឹកចិត្ត ក៏ដូចជា អារម្មណ៍នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច ពោលគឺ ក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម ឯកឧត្តម អភិបាលរាជធានី បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤ តែម្តង ដើម្បីធ្វើយ៉ាងណា ដោះស្រាយទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋឱ្យបាន។
លោក ឃួង ស្រេង ក៏បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ហើយក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរ ក៏ដូចជា មន្ទីរពាក់ព័ន្ធបន្តការបូមទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ។ បន្តមកទៀត ឯកឧត្ដម បានចុះមើលស្ថានីយ៍បូមទឹកលូ៥ ក៏ដូចជាប្រឡាយទឹកនៅក្នុងមូលដ្ឋានខណ្ឌចំនួន ៤ដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ សំដៅធ្វើយ៉ាងណារកគ្រប់មធ្យោបាយដើម្បីរំដោះទឹកចេញ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា តំបន់ផ្សារត្រពាំងថ្លឹងដែលតែងតែទទួលរងនូវការលិចរហូតមក ឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ នោះគឺដោយសារតែតំបន់នេះធ្វើការអភិវឌ្ឍមុនគេ ហើយនៅពេលតំបន់ផ្សេងគេអភិវឌ្ឍន៍ក្រោយចាក់ដីខ្ពស់ជាង ធ្វើឱ្យតំបន់នេះទទួលរងនូវការលិចដោយជំនន់ទឹកភ្លៀងតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ មិនបានព្រងើយកនោះទេ គឺតែងតែ ដោះស្រាយបញ្ហាទាំងនេះ ជូនបងប្អូនប្រជាពលរដ្ឋជានិច្ច៕