អាម៉េរិក៖ សមាគមឧកញ៉ាកម្ពុជាសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន នាឱកាសអមដំណើរលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មផ្លាស់ប្ដូរពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ កាលពីថ្ងៃទី២២ ខែកញ្ញា ដល់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅសហរដ្ឋអាម៉េរិក និងកាណាដា។ ជាលទ្ធផលសមាគមឧកញ៉ាកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងសមាគមឧកញ៉ាកម្ពុជា និង ស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី និងការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែនៅកម្ពុជា ជាដើម។
បើតាមសេចក្ដីប្រកាស សមាគមឧកញ៉ាកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច តំណាងដោយលោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដល់កិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នារវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ នៃសហរដ្ឋអាម៉េរិក នឹងពិនិត្យលទ្ធភាព និងឱកាសរួមគ្នាក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនានា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ ពិសេសលើវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ, ការកសាងបណ្ដាញ ការបង្កើតយន្តការទំនាក់ទំនង និងការផ្គូផ្គងធុរកិច្ចជាមួយស្ថាប័ន/សភាពាណិជ្ជកម្ម/វិស័យឯកជន នៅសហរដ្ឋអាម៉េរិក និងកាណាដា សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ចនាអនាគត, និង ការគ្រោងរៀបចំកិច្ចសហការធុរកិច្ចជាមួយធនាគារជាតិកាណាដា ក្នុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ផងដែរ។
ក្នុងអំឡុងពេលបំពេញបេសកកម្ម លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីសមាគមឧកញ៉ាកម្ពុជា ដែលជាដៃគូសហការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការអនុវត្តសកម្មភាពរួមគ្នាលើការជំរុញកំណើនវិនិយោគនៅក្នុងស្រុក និងទាក់ទាញវិនិយោគបរទេស ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងគូសរំលេចផងដែរអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ខណៈពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ និងបើកចំហទទួលការវិនិយោគពីគ្រប់ទិសទី ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តជូនវិនិយោគិនអាម៉េរិកឱ្យពិនិត្យលទ្ធភាពមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។
ទន្ទឹមគ្នានោះ សមាជិកគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចែករំលែកអំពីចក្ខុវិស័យ បេសកកម្ម និងតួនាទីស្នូល របស់សមាគមឧកញ៉ាកម្ពុជា ដែលជាសមាគមតែមួយគត់នៅកម្ពុជា ប្រមូលផ្ដុំនូវធុរជននិងវិនិយោគិនមកពីចម្រុះវិស័យ និងមានក្រុមហ៊ុនចំនួនជាង ៨០០ក្រុមហ៊ុន ព្រមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការធុរកិច្ចនានាផងដែរ៕