ភ្នំពេញ៖ កម្ពុជា និងចិន បានជួបពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគ្នាជាច្រើនដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា ការជំរុញវិនិយោគពីវិស័យឯកជន ការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជា ការទាក់ទាញទេសចរណ៍ចិន មកទស្សនកិច្ចនៅកម្ពុជាឲ្យកាន់តែមានចំនួនច្រើនឡើងវិញដូចកាលពីមុនការរាតត្បាតនៃជំងឺកូវីដ ១៩ ជាដើម។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
នាឱកាសនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រទេសទាំងពីរបានធ្វើសកម្មភាពជាច្រើនរួមគ្នាកន្លងមក ។ ជំនួយរបស់មិត្តចិន គឺឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់កម្ពុជា និងទាន់ពេលវេលា ហើយចំណុចនេះគឺមិនត្រឹមតែរួមចំណែកខ្ពស់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការការពារឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជាផងដែរ។
ដោយប្រទេសទាំងពីរ កម្ពុជា-ចិន មានចក្ខុវិស័យស្រដៀងគ្នា និងរួមគ្នាកសាងសហគន៍វាសនារួមដែលជាគំរូដ៏ល្អមួយសម្រាប់ប្រទេសក្នុងតំបន់ និងនៅលើសកលលោក, ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនផ្សេងទៀត ដូចជា ការជួយសម្របសម្រួលរបស់ភាគីមិត្តចិន ដើម្បីកម្ពុជាអាចទទួលបាននូវហិរញ្ញប្បទានសហប្រតិបត្តិការជាបន្តបន្ទាប់ទៀត សម្រាប់បន្តរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា, ការជំរុញវិនិយោគពីវិស័យឯកជន ការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជា ការទាក់ទាញទេសចរណ៍ចិន មកទស្សនកិច្ចនៅកម្ពុជាឲ្យកាន់តែមានចំនួនច្រើនឡើងវិញដូចកាលពីមុនការរាតត្បាតនៃជំងឺកូវីដ ១៩ ជាដើម ។
ជាមួយនឹងការសង្ឃឹមខ្ពស់ថានឹងមានភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន, ភាគីទាំងពីរបានសន្យា នឹងបន្តសហការជិតស្និទ្ធជាមួយជាមួយគ្នា ដើម្បីសម្រេចបានសមិទ្ធិផលជាផ្លែផ្កាច្រើនទៀតដើម្បីប្រជាជន និងប្រទេសទាំងពីរ៕