ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ០៨-០៩ ខែតុលា ឆ្នាំ២០២៤ បានបិទបញ្ចប់ហើយនៅល្ងាចនេះ ដំណើរការសំណេរទាំងពីរថ្ងៃបានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស។ក្នុងដំណើរការប្រឡង២ថ្ងៃមកនេះ ចំនួនបេក្ខជនអវត្តមានសរុប ២.៤០៦នាក់ មាន«បញ្ហាសុខភាព»១៣៦នាក់«គ្រោះថ្នាក់ចរាចរណ៍»៧នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានគូសបញ្ជាក់ថា ដំណើរការសំណេរទាំងពីរថ្ងៃបានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និង មានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និង ទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស។បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយស្ទើរតែគ្មានយកសំណៅឯកសារ និង ឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។
បើតាមសេចក្តីប្រកាសព័ត៌មាន គិតមកត្រឹមរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ចំនួនបេក្ខជនអវត្តមានសរុប ២.៤០៦នាក់ ស្រី ៩១៥នាក់ ត្រូវជា ១,៧៦ ភាគរយនៃចំនួនបេក្ខជនសរុប ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១.៩៩០នាក់ ស្រី ៧៣៨នាក់ ត្រូវជា ៨២,៧១ ភាគរយនៃបេក្ខជនអវត្តមានសរុប។
ចំនួនបេក្ខជនមានបញ្ហាសុខភាពសរុប ១៣៦ នាក់ ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពមិនអាចបន្តការប្រឡងបានមានចំនួន ១០ នាក់ បេក្ខជនដាក់ឱ្យប្រឡងដាច់ដោយឡែកមានចំនួន ២២នាក់ បេក្ខជនជួបគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៧ នាក់។ គណៈកម្មការប្រឡង អនុរក្ស អប្បមាទ និងជំនួយការ ដែលមានបញ្ហាសុខភាព និង មិនអាចបន្តភារកិច្ចបានមានចំនួន ៤៦នាក់។
ដោយឡែក មណ្ឌលប្រឡងមួយចំនួននៅ ខេត្តកោះកុង និងខេត្តស្ទឹងត្រែង ជួបប្រទះបញ្ហាភ្លៀងខ្លាំង និងដាច់ចរន្តអគ្គិសនីមួយរយៈខ្លី នៅរសៀលថ្ងៃទី១ ប៉ុន្តែបានបន្តដំណើរការវិញដោយប្រក្រតី។ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន្ត រាជធានីភ្នំពេញ បានជួបប្រទះបញ្ហាទឹកលិច និងបានផ្លាស់ប្តូរបន្ទប់ប្រឡងនៅថ្ងៃទី២។ បេក្ខជន និងអនុរក្សដែលបានប្រើប្រាស់ ឬយកទូរសព្ទចូលក្នុងបន្ទប់ប្រឡងមានចំនួន៥ករណី។ បេក្ខជនដែលមិនបានមកប្រឡងនៅម៉ោងដំបូង រួចហើយទាមទារចូលប្រឡងនៅម៉ោងបន្ទាប់មាន៣ករណី។
គួរបញ្ជាក់ថា តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និង នៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕