ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបដិសេធ ចំពោះការផ្សាយព័ត៍មានមិនពិតរបស់សារព័ត៍មាន The Nation Thailand ដោយលើកឡើងថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤ នៅកម្ពុជាបណ្តាលមកពី អវត្តមានរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងសន្និសីទកាសែតរបស់កម្មវិធីនេះ។
យោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៏ ការផ្សាយរបស់សារព័ត៍មាន The Nation Thailand កាលថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៤ ដែលបានផ្សាយថា “(…) The reasons for the cancellation were that no officials from the host showed up to welcome the contestants upon arrived, the absence of the minister of tourism at the press conference as promised, (…)” ដោយមានអត្តន័យជាភាសារខ្មែរថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤ នៅកម្ពុជាបណ្តាលមកពី អវត្តមានរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងសន្និសីទកាសែតរបស់កម្មវិធីនេះតាមការសន្យា។
ក្រសួងទេសចរណ៍ថា រដ្ឋមន្រ្តីក្រសួងទេសចរណ៏ ពុំធ្លាប់បានសន្យាថានឹងចូលរួមសន្និសីទកាសែត ឫកម្មវិធីផ្សេងណាមួយទៀតទេ។ ពោលកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៏ បានអនុញ្ញាតទទួលជួបសំណេះសំណាល និងទទួលស្វាគមន៏ប្រតិភូនៃកម្មវិធី Miss Grand International ២០២៤ រួមមានក្រុមហ៊ុនដែលទទួលបានសិទិ្ធផ្តាច់មុខក្នុងការរៀបចំកម្មវិធី និងបេក្ខនារីដែលមកពីបណ្តាប្រទេសទាំង៧៥នៃកម្មវិធីនេះ។
ក្រសួងទេសចរណ៏ ក៏បានប្រឹងប្រែងជួយសម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការចេញ-ចូលកម្ពុជា និងការចូលទស្សនារមណីយដ្ឋាននានា។ ក្រសួងទេសចរណ៏ ក៏បានស្នើឲ្យសារព័ត៍មាន The Nation Thailand កែតម្រូវ និងបញ្ឃប់រាល់ព័ត៍មានមិនពិត។