ចិន៖ មាន“ខ្លាឃ្មុំផេនដា”ដែលគួរឱ្យស្រឡាញ់មួយក្បាលឈ្មោះ ស្យ៊ាងស្យ៊ាង វាមានជំនាញខាងការផ្សព្វផ្សាយចំណេះដឹងអំពីការបង្ការជំងឺឆ្លង ។ រូបតុក្កតាខ្លាឃ្មុំផេនដាមួយនេះដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងលើបណ្តាញទំនាក់ទំនងសង្គមគឺតួសំខាន់នៃរឿងតុក្កតា “កំណត់ហេតុប្រចាំថ្ងៃរបស់ស្យ៊ាងស្យ៊ាង” ។
អ្នកនាងiwasaki haruka អ្នកនិពន្ធរឿងតុក្កតានេះមិនមែនអ្នកគូរគំនូរតុក្កតាជំនាញនោះទេ នាងប្រកបអាជីពជាអ្នកត្រួតពិនិត្យប្រភពជំងឺឆ្លងនៅមន្ទីរត្រួតពិនិត្យប្រភពជំងឺឆ្លងនៅព្រលានយន្តហោះជប៉ុន ។
អ្នកនាងiwasaki harukaបាននិយាយថា ការគូរគំនូររូបតុក្កតាជាចំណង់ចំណូលចិត្តរបស់ខ្លួនពេលរៀននៅក្នុងសាលា ក្រោយពីធ្វើការ នាងមិនបានគូរគំនូរទៀតទេ ប៉ុន្តែការជួបនិងស្គាល់ពីប្រទេសចិនលើកនេះបានធ្វើឱ្យនាងគូរគំនូរឡើងវិញម្តងទៀត ។
ឆ្នាំ ២០១៨ អ្នកនាងiwasaki harukaដែលចេះនិយាយភាសាចិនតែប៉ុន្មានម៉ាត់បានមកដល់ប្រទេសចិន និងក្លាយទៅជាគិលានុបដ្ឋាយិកាស្ម័គ្រចិត្តម្នាក់នៃមន្ទីរពេទ្យមិត្តភាពចិន-ជប៉ុន ។ យូរៗទៅ នាងជប៉ុនម្នាក់នេះបានចាប់ផ្តើមស្រឡាញ់ចូលចិត្តប្រទេសចិន ។ ដើម្បីបង្ហាញជីវភាពរស់នៅនៅប្រទេសចិនរបស់ខ្លួនចំពោះប្រជាជនជប៉ុនបានកាន់តែច្រើន អ្នកនាងiwasaki haruka បានសម្រេចចិត្តគូរគំនូរតុក្កតាតាមបណ្តាញអ៊ីនធើណេត ក្នុងបំណងធ្វើឱ្យមនុស្សកាន់តែច្រើនយល់ដឹងពីប្រទេសចិន។
តាមផែនការ អ្នកនាងiwasaki harukaត្រូវបញ្ចប់ការងារជាអ្នកស្ម័គ្រចិត្តនៅមន្ទីរពេទ្យមិត្តភាពចិន-ជប៉ុននៅខែកក្កដា ឆ្នាំ ២០២០ ប៉ុន្តែដោយសារការស្រាប់តែផ្ទុះឡើងនូវជំងឺកូវីដ ១៩ នៅចុងខែមករា ឆ្នាំ ២០២០ អ្នកនាងiwasaki harukaបានវិលត្រឡប់ប្រទេសជប៉ុនវិញមុនពេលកំណត់ ។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ «កំណត់ហេតុប្រចាំថ្ងៃរបស់ស្យ៊ាងស្យ៊ាង»បានបន្ថែមជំពូកថ្មីមួយ គឺរូបតុក្កតាខ្លាឃ្មុំផេនដាស្យ៊ាងស្យ៊ាងចាប់ផ្តើមចែករំលែកនូវចំណេះដឹងអំពីការបង្ការជំងឺឆ្លងមួយចំនួន ព្រមនិងលើកទឹកចិត្តចំពោះបុគ្គលិកពេទ្យចិនផងដែរ ។
បច្ចុប្បន្ន អ្នកនាងiwasaki harukaបានធ្វើការត្រួតពិនិត្យប្រភពជំងឺឆ្លងនៅព្រលានយន្តហោះអន្តរជាតិណារីតាប្រទេសជប៉ុន ។ ពេលបំពេញការងារ នាងតែងតែត្រូវប្រើប្រាស់ភាសាចិន នាងសង្ឃឹមថា អាចឆ្លងតាមរយៈការងារមួយនេះ ក្លាយទៅជាស្ពានសម្រាប់តភ្ជាប់ការផ្លាស់ប្តូររវាងប្រជាជនចិននិងជប៉ុន ។
អ្នកនាងiwasaki haruka ទទួលដំណឹងពីព័ត៌មានដែលបានចេញផ្សាយដោយប្រព័ន្ធសារព័ត៌មានថា ក្នុងអំឡុងពេលប្រទេសជប៉ុនបានផ្ទុះជំងឺឆ្លង រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសចិនបានជួយឧបត្ថម្ភជាសម្ភារៈសម្រាប់បង្ការជំងឺឆ្លងដល់ប្រទេសជប៉ុន ។ ការនេះបានធ្វើឱ្យនាងរំភើបចិត្តខ្លាំងណាស់ ។ នាងជឿជាក់ថា ឱ្យតែប្រជាជនលើពិភពលោកទាំងមូលអាចធ្វើការខិតខំប្រឹងប្រែងជាមួយគ្នា ប្រាកដជាអាចយកជ័យជម្នះលើជំងឺកូវីដ ១៩ ពុំខាន ៕



