ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុនប៊ូយ៉ុងដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការប៊ូយ៉ុងថោន នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកការកសាងលំនៅឋានបែបនេះថាជាការចូលរួមដ៏ត្រឹមត្រូវក្នុងការកសាងលំនៅឋានទំនើបឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជានិងស្របតាមគោលដៅដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ ឯកឧត្តម មានបំណងចង់បានស្ថាបត្យកម្មដូចប៊ូយ៉ុងថោននេះដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដោយចង់ឃើញប្រជាជនកម្ពុជានាថ្ងៃអនាគតជាប្រជាជនដែលមានវប្បធម៌អរិយធម៌ទំនៀមទម្លាប់ប្រពៃណី វាងវៃនិងសមត្ថភាពខ្ពស់។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូយ៉ុងដែលបានចូលរួមឆ្លើយតបនឹងទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនេះឯកឧត្តម ក៏បានស្នើដល់ក្រុមហ៊ុនប៊ូយ៉ុងធ្វើយ៉ាងណាពិចារណាលើការកំណត់តម្លៃលំនៅឋានឱ្យបានសមរម្យស្របតាមលទ្ធភាព និងសមត្ថភាពជាក់ស្ដែងរបស់ប្រជាជនកម្ពុជាផងដែរ។
បើតាមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងនៅជួយជ្រោមជ្រែងធ្វើយ៉ាងណារក្សាដំណើរការឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម និងឧស្សាហកម្មគ្រឿងលម្អផ្ទះ ពីព្រោះឧស្សាហកម្មទាំងនេះបានបង្កើតការងាររាប់ម៉ឺនកន្លែងដល់ប្រជាជនកម្ពុជាដែលអាចធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅល្អប្រសើរនិងមានសុភមង្គលក្នុងក្រុមគ្រួសារ។
សូមជម្រាបជូនថា ប៊ូយ៉ុងថោន ដែលត្រូវបានសម្ពោធជាផ្លូវការនាពេលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អជាយូរឆ្នាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ម្យ៉ាងទៀត ប៊ូយ៉ុងថោនក៏បង្ហាញឱ្យឃើញអំពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ៕