ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងខែកញ្ញា ឆ្នាំ២០២៤ បានអនុម័តគម្រោងថ្មីចំនួន២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត២៥ពាន់កន្លែង។ CDC បញ្ជាក់ថា ក្នុងខែកញ្ញា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨,២៣% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្ដប់ ៣២,៩២% នៃទុនវិនិយោគសរុប។
បើតាមសេចក្ដីប្រកាស ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។
CDC បញ្ជាក់ថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះរួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស
1. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគបន្ថែម១២,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន២.៥០៥កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
1. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលមានទីតាំងស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សាស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង៧០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៧០៨កន្លែង
2. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អ៊ិនធើណេសិនណល ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឆ្លូង ឃុំញរ ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន៥៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២៥១កន្លែង
3. គម្រោងវិនិយោគបង្កើតរោងចក្រផលិតដំឡើង និងបង្គុំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង៣៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៨.៩១៨កន្លែង
4. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុល និងអាហារគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិក្នុងទុនវិនិយោគប្រមាណជាង៣៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៥៨កន្លែង
5. គម្រោងវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូខ្សែកាបដែក និងរឡូខ្សែកាបឈើដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគចំនួន២៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.១៨៨កន្លែង
6. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ពិសេសមេនហាតធេនក្នុងទុនវិនិយោគប្រមាណជាង២០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៦៨៤កន្លែង៕