ភ្នំពេញ៖ គម្រោងព្រែកជីកហ្វូណនដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ត្រូវបានបង្ហាញថាប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង២ពាន់ខ្នង និងដើមឈើប្រមាណជាង១៤ម៉ឺនដើម។ រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាថានឹងដោះស្រាយសំណងដល់ប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យក្រោយបញ្ចប់ការសិក្សានៃគម្រោងនេះ។
ក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៃសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានច្រានចោលការចុះផ្សាយព័ត៌មានមិនពិតថាគម្រោងព្រែកជីកហ្វូណនតេជោប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ។ សម្រាប់លោក ស៊ុន ចាន់ថុល គម្រោងព្រែកជីកហ្វូណនតេជោ កំពុងតែដំណើរការសិក្សាពីផលប៉ះពាល់យ៉ាងយកចិត្តទុកដាក់។
បើតាមលោក ស៊ុន ចាន់ថុល ការស្រាវជ្រាវបឋមពីក្រុមអ្នកជំនាញ រកឃើញថាមានតែប្រជាពលរដ្ឋសរុបចំនួន ២,៣០៥ខ្នងផ្ទះ/គ្រួសារ ប៉ុណ្ណោះដែលរងផលប៉ះពាល់ពីគម្រោងនេះ និងមានដើមឈើចំនួន ១៤៩,១៦៣ដើម ដូចជា ដើមចេក ដើមស្វាយ និងដើមដូងជាដើម ដែលរងការខូចខាត។
លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងល្អិតល្អន់ពីផលប៉ះពាល់នៃគម្រោងនេះ ដោយក្នុងនោះបានជួលភាគីទី៣ឱ្យចុំដល់ផ្ទះប្រជាពលរដ្ឋនីមួយៗដែកនឹងត្រូវប៉ះពាល់ ហើយបានធ្វើកិច្ចពិគ្រោះយោបល់ជាមួយគ្នា ជាពិសេសរាជរដ្ឋាភិបាលមិនបានយកដីធ្លីពីប្រជាពលរដ្ឋនៅតំបន់នោះឡើយ ដូច្នេះ ផែនការតាំងលំនៅឋានថ្មីត្រូវបានធ្វើឡើងដោយក្រុមហ៊ុនឯករាជ្យ។ ជំហានបន្ទាប់ គឺក្រុមការងារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចុះទៅទីនោះដើម្បីផ្ទៀងផ្ទាត់ចំពោះអ្វីដែលក្រុមហ៊ុនឯកជននេះបានធ្វើ ដើម្បីធានាថារាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់សំណងសមរម្យដល់ប្រជាជនតាមអត្រាទីផ្សារ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ មានតម្លៃប្រមាណជិត២ពាន់លានដុល្លារអាម៉េរិក មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប មានប្រជាជនសរុបប្រមាណជិត២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ គម្រោងនេះ គឺជីកលើព្រែកកម្ពុជាដែលសល់ពីជំនាន់ដើមខ្លះ និង បង្កើតថ្មី ដែលនឹងអាចអនុញ្ញាតិឱ្យនាវាប្រភេទមួយចំនួនអាចចរាចរណ៍បាន កាត់បន្ថយការចំណាយដល់ វិស័យដឹកជញ្ជូន បង្កើនការវិនិយោគ អចលនទ្រព្យ ទេសចរណ៍ បរិស្ថានបៃតង ជាពិសេសសម្រួលដល់វិស័យកសិកម្មកម្ពុជា៕