ភ្នំពេញ៖ មណ្ឌលប្រឡងនៅរាជធានីភ្នំពេញមួយចំនួនកំពុងតែជួបបញ្ហាទឹកជន់លិច ដោយសារទឹកភ្លៀង។ បច្ចុប្បន្តនេះ ក្រសួងអប់រំយុវជន និងកីឡា កំពុងចុះពិនិត្យដោះស្រាយបញ្ហា ខណៈពេលដែល ថ្ងៃប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ។
យោងតាមការចេញផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវឧបសគ្គមួយចំនួន នៅក្នុងដំណើរការរៀបចំការប្រឡង ពោលគឺមានមណ្ឌលប្រឡងកំពុងជួបបញ្ហាទឹកលិច ដោយសារទឹកភ្លៀង។មណ្ឌលប្រឡងដែលកំពុងជួបបញ្ហារួមមាន៖ វិទ្យាល័យហ៊ុនសែនជម្ពូវ័ន, វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី, សាលាបឋមសិក្សាភ្នំពេញថ្មី, វិទ្យាល័យឫស្សីកែវ។
បើតាមក្រសួងអប់រំ វិទ្យាល័យហ៊ុនសែនជម្ពូវ័ន (បានដាក់រថយន្តបូមទឹក និងកាយប្រឡាយ គ្រប់គ្រងស្ថានភាពជនលិចធានាបាន១០០%) វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី (បានដោះស្រាយចាក់ខ្សាច់ភ្ជាប់ពីអគារមួយទៅអគារមួយ និង ក្រាលក្តារបន្ទះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនចូលរួមការប្រឡង ធានាបាន ១០០%) សាលាបឋមសិក្សាភ្នំពេញថ្មី (រដ្ឋបាលរាជធានីភ្នំពេញបានដាក់រថយន្តបូមទឹកប្រចាំការនៅទីនោះ បានដោះស្រាយបញ្ហាជនលិច១០០%) វិទ្យាល័យឫស្សីកែវ (ទឹកលិចក្នុងទីធ្លា ជាដំណោះស្រាយ គណៈនាយកដោយមានការចូលរួមអន្តរាគមន៍ពីរដ្ឋបាលខណ្ឌឫស្សីកែវបានច្រកបាវខ្សាច់ លើកផ្លូវ ក្រាលការ៉ូឡា ដើម្បីរៀបជាផ្លូវសម្រាប់ឱ្យបេក្ខជនដើរក្នុងថ្ងៃប្រឡង)។
សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ត្រូវបានធ្វើឡើងនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ យ៉ាងណាមិញ បញ្ហាលិចទឹកត្រូវបានជ្រុំជ្រែងយ៉ាងល្អពីក្រសួងអប់រំយុវជន និងកីឡា ដើម្បីឲ្យទាន់ពេលវេលា និងមានដំណើរការទៅដោយរលូន៕