កែប៖លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី ៥ តុលានេះ បានចេញជាសារពាក់ព័ន្ធក្តីកង្វល់របស់ភ្ញៀវទេសចរដែលបានមកកម្សាន្តលេងក្នុងខេត្តកែប។ក្នុងសារនោះ លោកអភិបាលបានប្រកាសទទួលស្គាល់នូវបញ្ហាដែលកើតមានក្នុងខេត្តកែប និង បានប្តេជ្ញាដោះស្រាយចំណុចខ្វះខាត ហើយបានដាក់លេខទំនាក់ទំនងក្នុងករណីមានភាពមិនប្រក្រតី ជាពិសេស បញ្ហាតម្លៃម្ហូបអាហារ។
ឆ្លើយតបនឹងការរិះគន់ពីតម្លៃម្ហូបអាហារក្នុងខេត្តកែបថា មានតម្លៃខ្ពស់កប់ពពក លោកអភិបាលខេត្តកែប សោម ពិសិដ្ឋ បានចេញនូវសារជាសាធារណៈអមជាមួយចំនួនភ្ញៀវទេសចរដែលទៅលេងកម្សាន្តក្នុងខេត្តកែប។សម្រាប់អភិបាលខេត្តរូបនេះ បានគូសបញ្ជាក់ថាក្នុងរយៈពេល ០៣ថ្ងៃ នៃ ពិធីបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខេត្តកែបទទួលបានភ្ញៀវទេសចរចំនួន ៧៩,៥៣៨ នាក់ កើនឡើង ២៦,១១% (១៦,៤៧២ នាក់) បើប្រៀបធៀបនឹងឆ្នាំ ២០២៣។
បើតាមលោក សោម ពិសិដ្ឋ ទោះបីជាការខិតខំប្រឹងប្រែងឲ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយ ក៏អាចនៅមានចន្លោះប្រហោង និងភាពខ្វះខាត ដូចជារយៈ ពេលកន្លងមកនេះ មានការិះគន់ផ្សេងៗ និង បញ្ហា មួយចំនួនតូចពាក់ព័ន្ធទៅនឹង តម្លៃ ម្ហូបអាហារ នៅខេត្តកែប។សម្រាប់លោក សោម ពិសិដ្ឋរដ្ឋបាលខេត្តទទួលយកនូវ រាល់មតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីជាមូលដ្ឋាន ក្នុងការកែលម្អ និង ដោះស្រាយ នូវរាល់ ចំណុចខ្វះខាត និងធ្វើឲ្យខេត្តកែបកាន់តែ មានភាពទាក់ទាញ និង ខិតខំបង្កើន ការអភិវឌ្ឍ បន្ថែម នូវតំបន់សក្ដានុពល ទេសចរណ៍ នានា សម្រាប់ ទទួល ស្វាគមន៍ ដំណើរ កម្សាន្ត។
បន្ថែមលើពីនេះ លោកបានប្រកាសដាក់ចេញនូវលេខទំនាក់ទំនងសម្រាប់ភ្ញៀវទេសចរ ក្នុងករណីជួបប្រទះនូវភាពមិនប្រក្រតីណាមួយលើការផ្ដល់សេវាកម្មនានា ពិសេស ពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ សូមទំនាក់ទំនងទៅកាន់អាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយ៕