Cc time web banner 054637

សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា​ គ្រោងបង្កើតវិទ្យាស្ថានកែច្នៃគ្រឿងអលង្ការ និងត្បូងក្នុងស្រុក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖​ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា​ មានផែនការបង្កើតវិទ្យាស្ថានមួយដើម្បីសិក្សាស្រាវជ្រាវ​ និងបណ្ដុះបណ្ដាលជំនាញកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។ ផែនការនេះត្រូវបានលេីកឡេីងក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេច​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ជាមួយលោកស្រី​ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤។

លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានគោរពអបអរសាទរសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានគោរពរាយការណ៍ជូនសម្តេច​ ហ៊ុន​ ម៉ាណែត​ អំពីវឌ្ឍនភាពការងាររបស់សមាគម ដែលមានដូចជា៖ ការប្រមូលផ្ដុំចងក្រងសមាជិកសមាគម, ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានា និងការរៀបចំពិពរណ៍គ្រឿងអលង្ការប្រចាំឆ្នាំ។

ទន្ទឹមនេះ​ លោកស្រីប្រធានសមាគមក៏បានគោរពជម្រាបជូនសម្ដេច​ ហ៊ុន​ ម៉ាណែត​ ថា សមាគមមានផែនការបង្កើតវិទ្យាស្ថានមួយដើម្បីសិក្សាស្រាវជ្រាវ​ និងបណ្ដុះបណ្ដាលជំនាញកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។

សម្ដេច​ ហ៊ុន​ ម៉ាណែត​ បានកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់សមាគម ក៏ដូចជាការចូលរួមចំណែករបស់សមាគមក្នុងការលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ថាសម្ដេចគាំទ្រគំនិតផ្តួចផ្តើមនៃការរៀបចំពិពរណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ ២ ដង ក្នុងមួយឆ្នាំ និងការបង្កើតវិទ្យាស្ថាន ដោយសម្ដេចបានណែនាំឱ្យសមាគមបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការររៀបចំសិក្សាបន្ថែមលើការរៀបចំឯកសារទស្សនាទាន និងផែនការសកម្មភាពនៃការបង្កើតវិទ្យាស្ថាននេះ។

នាយករដ្ឋមន្រ្តីកម្ពុជា​ ក៏បានលើកទឹកចិត្តឱ្យសមាគមជំរុញការផលិត កែច្នៃផលិតផលត្បូងក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស កសាងទំនុកចិត្ត និងការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង