Cctimesw1140xh150cm copy

រដ្ឋបាលរាជធានី សម្រេចផ្លាស់ប្ដូរកាលបរិច្ឆេទសម្រាប់ត្រៀមដឹកពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ខែកញ្ញា បានចេញសេចក្តីជូនដំណឹងដោយសម្រេចធ្វើការកែសម្រួលពេលវេលា និងកាលបរិច្ឆេទ នៃការដឹកជញ្ជូនបងប្អូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដោយរថយន្តក្រុងទៅស្រុកកំណើតដោយឥតគិតថ្លៃ។

យោងតាមសេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការសម្រេចធ្វើការកែសម្រួលកាលបរិច្ឆេទសម្រាប់ការធ្វើដំណើរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យកែសម្រួលកាលបរិច្ឆេទនៃការដឹកជញ្ជូនបងប្អូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយផ្លាស់ប្ដូរកាលបរិច្ឆេទ នឹងរៀបចំការដឹកជញ្ជូនដោយដឹកបន្ថែម១ថ្ងៃ សរុបមានចំនួន៦ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ជំនួសវិញ «ជិះមិនបង់ប្រាក់» ដោយរប្រើប្រាស់រថយន្តសម្រាប់ធ្វើការដឹកជញ្ជូនមានសរុប៦៥៣គ្រឿង។

ជាមួយគ្នានោះ ចំពោះចំនួនរថយន្តសម្រាប់ធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងភ្នំពេញ ត្រូវប្រើប្រាស់រថយន្តក្រុងចំនួន ១០០ គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្ដាខេត្តត្រឡប់មកភ្នំពេញវិញ (បណ្ដាខេត្តនានា ក្រៅពីតំបន់ភូមិភាគឥឦសាន) ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង។ សម្រាប់ធ្វើដំណើរជូនពលរដ្ឋទៅតំបន់ភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៥៦គ្រឿង។ ចំពោះពេលវេលាចេញដំណើរនឹងចាប់ផ្តើមចាកចេញចាប់ពីម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង១១:០០នាទីព្រឹក ខណៈចំណតរថយន្តនឹងរៀបចំឡើងតាមទីតាំងផ្សេងៗគ្នា ផ្អែកលើទិសដៅ ឬរាជធានី-ខេត្តដែលពលរដ្ឋឆ្ពោះទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង