Cctimesw1140xh150cm copy

បាក់ឌុប៖ បេក្ខជនជាង១៣ម៉ឺននាក់ ចុះឈ្នោះចូលប្រឡងថ្ងៃទី៨ ខែតុលា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសិទ្ធសារព័ត៌មាន ស្ដីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨ តុលា ២០២៤» នឹងមានបេក្ខជន សរុបចំនួន ១៣៧,០៤០នាក់ មានសិស្សស្រី សរុបចំនួន ៧៤,៨៨២នាក់ បានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោក ហង់ ជួនរ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងឆ្នាំ២០២៣-២០២៤នេះ មានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១៣៧,០៤០នាក់ មានសិស្សស្រី សរុបចំនួន ៧៤,៨៨២នាក់។ ចំពោះបេក្ខជន ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩,៣៥៨នាក់ មានសិស្សស្រី ចំនួន ២៣,៧១៥នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧,៦៨២នាក់ មានសិស្សស្រី ចំនួន ៥១,១៦៧នាក់។ ចំណែក បេក្ខជនពិការភាព និងគរថ្លង់ មានសរុប ចំនួន ៣៦នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី-ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា ការប្រឡងឆ្នាំនេះ មានមណ្ឌលសំណេរសរុបចំនួន ២៣០មណ្ឌល ត្រូវជា ៥,៥៣៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣មណ្ឌល ត្រូវជា ១,៦០២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៥៧មណ្ឌល ត្រូវជា ៣,៩៣១ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្រសួង នឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្តចំនួនពីរដង គឺលើកទី១ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។ ចំពោះដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេលពីថ្ងៃ គឺថ្ងៃទី ០៨-០៩ ខែតុលា ឆ្នាំ២០២៤។ ការប្រកាសលទ្ធផលប្រឡងនៅភ្នំពេញ និងខេត្តកណ្តាល ក្រសួងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល ចំណែកតាមបណ្តាខេត្តផ្សេងៗនៅទូទាំងប្រទេស នឹងត្រូវប្រកាសនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង