ឡូសអែនជែលលេស៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលមានទីតាំងស្ថិតក្នុងតំបន់ Hawthorne ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណបជាដើម។
តបតាមការគោរពអញ្ជើញរបស់ក្រុមហ៊ុន SpaceX កាលទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលមានទីតាំងស្ថិតក្នុងតំបន់ Hawthorne ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណប ក៏ដូចជារបៀបរបបនៃការបង្កើនប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ក្រុមហ៊ុន ជាពិសេស ប្រតិបត្តិការក្រុមផ្កាយរណប Starlink ជាដើម។
គួរបញ្ជាក់ថា Starlink គឺជាក្រុមផ្កាយរណបអ៊ីនធឺណិត ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណិតល្បឿនលឿនចល័តជាសកល គ្របដណ្តប់ជាង ១០០ប្រទេសនៅលើពិភពលោក។ ប្រតិបត្តិការនេះដំណើរការដោយ Starlink Services, LLC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SpaceX៕