Cctimesw1140xh150cm copy

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលបានរថយន្តសង្គ្រោះបន្ទាន់ចំនួន៤គ្រឿងបន្ថែមទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤ គ្រឿង ដែលជាអំណោយរបស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត “Future Smile Charitable Foundation” និងមូលនិធិ ពុនដារីកា “Pundarika Charity”។ ពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ក៏ដូចជាសប្បុរសជន ថ្នាក់ដឹកនាំអមដំណើររដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមន្រ្តីស្ថានទូត និងមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ១២០នាក់។

លោក ឈាង រ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានខិតខំយកចិត្ដទុកដាក់ខ្ពស់ផ្ដល់ការថែទាំ និងព្យាបាលអ្នកជំងឺដោយគ្មានការនឿយហត់ ដោយកិត្ដិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទំនាក់ទំនងកិច្ចសហការ និងសហប្រតិបត្តិការល្អភាពជាដៃគូ ដែលជាឧត្ដមប្រយោជន៍ជូនសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងឯកអគ្គរដ្ឋទូត បានចុះសាកសួរសុខទុក្ខអ្នកជំងឺដែលមានបញ្ហាមាត់ និងសាកសួរសុខទុកក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលកំពុងបំពេញបេសកកម្មវះកាត់ជាមិត្តភាពរបស់អង្គការស្នាមញញឹមកម្ពុជា-ចិន ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ដោយបានវះកាត់ចំនួន ៤៧ នាក់ នៅមជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជា។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជាត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីសប្បុរសធម៌នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៣ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដើម្បីផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់កុមារដែលមានបញ្ហាមាត់ក្រអូម (បញ្ហាស្នាមញញឹម) និងពិការមុខមាត់ពីកំណើត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង