ណាននីង-ចិន៖ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចពិភាក្សាតុមូលតំបន់អាស៊ាន-ចិនលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងគន្លឹះស្តីពី "កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានបៃតង" ដែលបានរៀបចំឡើងដោយ The People’s Bank of China ប្រចាំខេត្តក្វាងស៊ី។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ តំណាងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។
ក្នុងកិច្ចពិភាក្សាតុមូលនេះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តោតសំខាន់លើមូលបទចំនួន ៤ រួមមាន៖ ១. ការទូទាត់រូបិយបណ្ណក្នុងស្រុក និងតំបន់ ២. ទីផ្សារហិរញ្ញវត្ថុ ៣. កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានបៃតង ៤. ការប្រឆាំងការសម្អាតប្រាក់ ។
ជាមួយគ្នានេះ លោកបានធ្វើការ គូសបញ្ជាក់អំពី តួនាទី និងភារកិច្ចធនាគារ ARDB និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង និងសារៈសំខាន់នៃការជំរុញអោយមានកិច្ចសហប្រតិបត្តិការក្នុងតំបន់អស៊ាន និងចិន ។ លើសពីនេះ លោកក៏បានអំពាវនាវអោយមានកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង ក្នុងតំបន់ និងអន្តរជាតិផងដែរ៕