Cctimesw1140xh150cm copy

CDCស្នើឱ្យក្រុមហ៊ុនសម្លៀកបំពាក់អាម៉េរិកល្បីឈ្មោះម៉ាកLevi’s ពង្រីកការវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សាន់ហ្វ្រាន់ស៊ីស្កូ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើកទឹកចិត្តឱ្យក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោករបស់អាម៉េរិក ហើយត្រូវបានគេស្គាល់ឈ្មោះ ក្រោមម៉ាកសញ្ញា Levi's ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា។ នេះជាប្រសាសន៍របស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Jeff Hogue ប្រធានផ្នែកនិរន្តរភាព និងជាតំណាងក្រុមហ៊ុន Levi Strauss & Co នារសៀលថ្ងៃទី២៣កញ្ញា នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃសហរដ្ឋអាម៉េរិក។

តំណាងក្រុមហ៊ុន Levi Strauss & Co ក៏បានបង្ហាញការស្វាគមន៍ជូនដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីសវតារបស់ក្រុមហ៊ុន និងតម្រូវការនានាដែលជាមូលដ្ឋានដល់ការសម្រេចចិត្តដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដូចជាការប្រើប្រាស់ថាមពលស្អាត សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ លោក ស៊ុន ចាន់ថុល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា តាមរយៈកិច្ចសម្របសម្រួលលើការងារវិនិយោគពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដែលអាចធានាបាននូវបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះបំផុត។

ជាមួយប្រធានបទនៃការវិនិយោគក្នុងវិស័យនេះ លោកក៏បានលើកឡើងអំពីបច្ចុប្បន្នភាពការផលិត និងផ្គត់ផ្គង់ថាមពលនៅប្រទេសកម្ពុជា ដែលក្នុងនោះ ៦២%នៃថាមពលសរុប ដែលបានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ គឺជាប្រភេទថាមពលស្អាត និងកកើតឡើងវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង