ភ្នំពេញ៖ កម្ពុជាបានសម្រេចជោគជ័យ ក្នុងការនាំចេញ«ផលិតផលគ្រាប់ស្វាយចន្ទី»ជាលើកដំបូងចំនួន២តោន នៃផលិតផលគ្រាប់ស្វាយចន្ទីដែលបានបញ្ជាទិញចំនួន ២០០តោន/ឆ្នាំ ទៅកាន់ខេត្តហឺណាន ប្រទេសចិន ដោយធ្វើការដឹកជញ្ជូនតាមផ្លូវអាកាស។ នេះបើតាមការបញ្ជាក់របស់លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ងិន ឆាយ បានលើកឡើងថា តាមផែនការការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ហឺណាន ប្រទេសចិន ត្រូវមានចំនួន២០០តោន ក្នុង១ឆ្នាំ ហើយនេះជាលើកដំបូងដែលកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន២តោនទៅកាន់ខេត្តហឺណាន ដែលនឹងបន្តនាំចេញរៀងរាល់សប្តាហ៍។
លោកបន្តថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាគឺមានគុណភាពល្អ ជាពិសេសពូជ M23គឺមានគ្រាប់ធំ ហើយរសជាតិឆ្ងាញ់ ដែលទីផ្សារពិភពលោកកំពុងរងចាំទទួលគ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជា។ បន្ថែមទៅលើទីផ្សារនៃខេត្តហឺណាននេះ កម្ពុជានឹងបន្តការផ្សព្វផ្សាយការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសជាច្រើនទៀតដូចជា អារ៉ាប់ សហភាពអឺរ៉ុប ជប៉ុនជាដើម។ លោកបន្ថែមថា នេះជាលើកទី១សម្រាប់ខេត្តហឺណាន ប៉ុន្តែបើនិយាយពីការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅបណ្ដាខេត្តផ្សេងៗទៀតរបស់ប្រទេសចិន គឺមានយូរឆ្នាំណាស់មកហើយ។
គួរបញ្ជាក់ថា ការនាំចេញនេះអាចធ្វើទៅបាន បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំប្រកបដោយផ្លែផ្កាចំនួន2លើក ក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា (មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading)៕