ភ្នំពេញ៖ ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ដែលជាសាកលវិទ្យាល័យដំបូងគេនៅកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិរន្តរភាព បានរៀបចំសន្និសីទស្តីពី «វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងសង្គមលោកទី១ (STS Symposium)»លើប្រធានបទ «ការណែនាំពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងសង្គមនៅកម្ពុជា» ក្រោមអធិបតីភាពលោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាស្រ្តាចារ្យបណ្ឌិត ឃៀង សុធីសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច។
សន្និសីទនេះ មានគោលបំណង (១) លើកកម្ពស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងសង្គមទៅក្នុងវិស័យសាធារណៈ ឯកជន និងរដ្ឋាភិបាល ដោយផ្តោតលើការឆ្លុះបញ្ចាំងអំពីផលប៉ះពាល់ សង្គម វប្បធម៌ និងក្រមសីលធម៌នៃការទទួលយកបច្ចេកវិទ្យាពីការអនុវត្តរបស់ប្រទេសផ្សេងៗ (២) បង្ហាញពីសារៈសំខាន់និងការឆ្លុះបញ្ចាំងគរុកោសល្យទៅក្នុងSTEM (៣) លើកទឹកចិត្តឱ្យមានកិច្ចសហការជាយុទ្ធសាស្ត្ររវាងស្ថាប័នកម្ពុជា និងមជ្ឈមណ្ឌលវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងសង្គមអន្តរជាតិ និង (៤) ជំរុញការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យសាធារណៈ វិស័យអប់រំ និងឧស្សាហកម្ម។
សន្និសីទនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ និស្សិតនៃសាកលវិទ្យាល័យខេមតិច តំណាងពីក្រសួង ស្ថាប័ននានា ព្រមទាំងសាកលវិទ្យាល័យមួយចំនួនទៀតផងដែរ។
សន្និសីទខាងលើ បានធ្វើឡើងដោយបែងចែកជាពីរវគ្គ ដោយវគ្គទី១គឺជាការធ្វើបទបង្ហាញពីសំណាក់វាគ្មិនកិត្តិយសដូចតទៅ លោកសាស្ត្រាចារ្យរង Gregory Clancey សាកលវិទ្យាល័យជាតិសិង្ហបុរី លោកបណ្ឌិត Park Jaesig ទីប្រឹក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី សាស្រ្តាចារ្យបណ្ឌិតវិទ្យាសាស្រ្ត និងមនុស្សសាស្រ្ត សាកលវិទ្យាល័យខេមតិច និង និងវគ្គទី២ គឺជាកិច្ចពិភាក្សាលើប្រធានបទ ស្តីពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងសង្គម និងការចាប់យកបច្ចេកវិទ្យាសម្រាប់កម្ពុជា។
សន្និសីទខាងលើបានសង្កត់ធ្ងន់ចំពោះការទទួលយកបច្ចេកវិទ្យា ដោយបង្ហាញពីសារៈសំខាន់នៃការរួមបញ្ចូល អំពីវប្បធម៌ និងក្រមសីលធ៌មក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ ជាមួយគ្នានេះ ការផ្តោតសំខាន់អំពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងសង្គមនេះក៏ស្របនឹងគោលដៅរបស់កម្ពុជាដែលអាចឆ្លុះបញ្ជាំងបានតាមរយៈ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសកម្ពុជាឆ្នាំ ២០៣០៕