ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបុគ្គលិកជាង ៧០០ នាក់ និងជួយទ្រទ្រង់ការងារចំនួន ៦៦.០០០ បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គមដែលត្រូវបានសិក្សាពីផលវិជ្ជមានរបស់ក្រុមហ៊ុននេះមកលើសង្គម និងសេដ្ឋកិច្ចប្រទេសកម្ពុជាដែលការសិក្សានេះជាផ្នែកនៃខួបលើកទី ៣០ របស់ក្រុមហ៊ុន។
របាយការណ៍ដែលបានបោះពុម្ភផ្សាយលើកទី ១ ដែលមានចំណងជើងថា «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ របស់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះព្រះរាជាណាចក្រកម្ពុជា» ត្រូវបានបង្ហាញជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកំឡុងជំនួបសម្តែងការគួរសមពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីប្រារព្ធដំណើររយៈពេល ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមាន។
យោងតាមរបាយការណ៍នេះ ចំនួនការងារដែល ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ទៅប្រជាជននៅក្នុងប្រទេសកម្ពុជាគឺស្មើនឹង ០,៧% នៃកម្លាំងពលកម្មការងាររបស់ប្រទេសកម្ពុជា។ រាល់បុគ្គលិករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានជួយបង្កើតការងារបន្តចំនួន ៩១ បន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជាទូទាំងខ្សែសង្វាក់តម្លៃស្រាបៀរ ចាប់ពីវត្ថុធាតុដើមរហូតដល់ការដឹកជញ្ជូនផលិតផលដល់អតិថិជន។ ការងារភាគច្រើនត្រូវបានបង្កើតក្នុងចំណោមដៃគូលក់ ហាងលក់ភេសជ្ជៈ និងភ្នាក់ងារលក់។ ការងារមួយចំនួនធំក៏ត្រូវបានបង្កើតជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុករបស់ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធរបស់ពួកគេផងដែរ។ លទ្ធកម្មប្រមាណ ៧៥% របស់ក្រុមហ៊ុនត្រូវបានចំណាយនៅក្នុងប្រទេសកម្ពុជាដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។
នាយកគ្រប់គ្រង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លោក Andy Hewson បានមានប្រសាសន៍ថា៖ «យើងជាក្រុមហ៊ុនសកលដែលមានបេះដូងកម្ពុជា។ គោលបំណងរបស់យើងគឺនាំយកស្តង់ដារអន្តរជាតិរាល់ប្រតិបត្តិការរបស់យើង ចាប់ពីការណែនាំស្តង់ដារផលិតស្រាបៀរអន្តរជាតិរហូតដល់ការបណ្តុះបណ្តាលធនធាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងជំនាញដែលនឹងអនុញ្ញាតឱ្យយើងបន្តធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរនៅឆ្នាំខាងមុខ។ សកម្មភាពទាំងនេះគឺជា វិធីមួយក្នុងការនិយាយថា «អរគុណ» ចំពោះប្រទេសកម្ពុជា និងចំពោះភាគីពាក់ព័ន្ធដែលបានជួយធានាភាពជាដៃគូប្រកបដោយផ្លែផ្កានេះលើកកម្ពស់សេដ្ឋកិច្ច និងប្រជាជនកម្ពុជា»។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្តេជ្ញាធ្វើឱ្យក្រុមហ៊ុនក្លាយជាជម្រើសនៃកន្លែងធ្វើការតែមួយគត់សម្រាប់បុគ្គលិកទាំងអស់ដែលបម្រើការផ្ទាល់នៅក្រុមហ៊ុនរបស់ខ្លួន។ កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានក្លាយជាក្រុមហ៊ុនផលិតស្រាបៀរក្នុងប្រទេសកម្ពុជាដំបូងគេដែលត្រូវបានទទួលស្គាល់ថាជាកន្លែងធ្វើការដ៏ល្អ។ ក្នុងអំឡុងពេលបីទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានលើកកម្ពស់វប្បធម៌ដែលផ្តល់អាទិភាពដល់ការជឿទុកចិត្ត ភាពចម្រុះ និងវឌ្ឍនភាព។ ត្រឹមឆ្នាំ ២០២៣ បុគ្គលិកដែលមានតំណែងប្រធានប្រមាណ ១០០% ត្រូវបានទទួលការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំដើម្បីបង្កើនការយល់ដឹងអំពីតួនាទីសំខាន់របស់ពួកគេក្នុងការជម្រុញបរិយាកាសរួមបញ្ចូល និងបង្កើតវប្បធម៌សម្រាប់បុគ្គលិកទាំងអស់គ្នា។ ក្រុមហ៊ុននេះក៏បានបង្កើតកន្លែងធ្វើការប្រកបដោយយុត្តិធម៌ និងសុវត្ថិភាព។សុវត្ថិភាពគឺជាអទិភាពចម្បងរបស់ក្រុមហ៊ុនហើយក្រុមហ៊ុនធានាថា អទិភាពនេះស្ថិតនៅក្នុងបេះដូង និងគំនិតរបស់បុគ្គលិកគ្រប់គ្នាជានិច្ច មិនថានៅក្នុង ឬក្រៅក្រុមហ៊ុននោះទេ។
អ្នកស្រី តេង សុផាន់ណា នាយកផ្នែកធនធានមនុស្សនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា តែងតែចាត់ទុកបុគ្គលិកជាចំណុចស្នូលនៃក្រុមហ៊ុនរបស់យើង។ ខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការជម្រុញឱ្យមានបរិយាកាសគាំទ្រនិងរួមបញ្ចូលដែលបុគ្គលិកគ្រប់រូបមានអារម្មណ៍ថាមានតម្លៃ និងផ្តល់ឱកាសឱ្យរីកចម្រើន។ប៉ុន្មានឆ្នាំមកនេះ យើងបានបណ្តាក់ទុនយ៉ាងច្រើនលើធនធានរបស់យើង ហើយក្រុមការងារកម្ពុជារបស់យើងជាច្រើនត្រូវបានផ្តល់ឱកាស និងនាំយកសមត្ថភាពរបស់ខ្លួនទៅកាន់ទីផ្សារ ក្រុមហ៊ុន ហ៊ិននីគែន ផ្សេងទៀតនៅទូទាំងពិភពលោក។ គោលដៅរបស់យើងគឺដើម្បីជួយបុគ្គលិកម្នាក់ៗអភិវឌ្ឍជំនាញ និងចំណេះដឹងដែលពួកគេត្រូវការមិនត្រឹមតែនៅក្នុងតួនាទីបច្ចុប្បន្នរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងអាជីពរបស់ពួកគេទាំងមូល។ រួមគ្នា យើងបានបង្កើតអនាគតមួយដែលអ្នកគ្រប់គ្នាអាចឈានទៅដល់សក្តានុពលពេញលេញរបស់ពួកគេ»។
ក្រុមហ៊ុន ហ៊ិននីគែន ជាក្រុមហ៊ុនវិនិយោគធំមួយក្នុងចំណោមវិនិយោគិនរបស់ប្រទេសកម្ពុជាដែលបានចូលមកក្នុងទីផ្សារកម្ពុជាកាលពីឆ្នាំ ១៩៩៤។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងរោងចក្រស្រាបៀរទំនើបរបស់ខ្លួននៅទីក្រុងភ្នំពេញ ហើយក្រុមហ៊ុននេះបានបន្តឈរលើជំហរមហិច្ឆតានិរន្តរភាពរបស់ខ្លួន «ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ដែលមហិច្ឆតានេះផ្តោតលើសសរស្តម្ភ បរិស្ថាន សង្គម និងទំនួលខុសត្រូវ។ យោងតាមការសិក្សាដដែរ កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងតម្លៃសង្វាក់របស់ក្រុមហ៊ុននេះមានចំនួន ៣១,១ ប៊ីលានដុល្លារសហរដ្ឋអាមេរិកដែលមានតម្លៃស្មើនឹង ១,៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ។
ប្រធានបទគម្រប់ខួប ៣០ ឆ្នាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺ «អរគុណសម្រាប់ ៣០ ឆ្នាំ» ដែលជាតំណាងនៃការអរគុណទៅប្រជាជនកម្ពុជា ដៃគូអាជីវកម្មក្នុងស្រុក និងប្រទេសកម្ពុជាចំពោះការសហការជាច្រើនឆ្នាំកន្លង។
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕