ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយ ធនាគារកណ្ដាលម៉ាឡេស៊ី បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ដំណាក់កាលទី១ ក្រោមអធិបតីភាព លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
បើតាមសេចក្ដីប្រកាស គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត នឹងផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ និងពាណិជ្ជករទទួលបាននូវបទពិសោធន៍ទូទាត់ប្រកបដោយប្រសិទ្ធភាព ងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ។ គំនិតផ្តួចផ្តើមនៃការតភ្ជាប់ការទូទាត់តាមឃ្យូអរកូតនេះ នឹងអនុញ្ញាត្តឱ្យពាណិជ្ជករជាង ៥ លានទីតាំងនៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដែលភាគច្រើនជាម្ចាស់អាជីវកម្មខ្នាតតូច អាចទទួលបានអតិថិជនកាន់តែទូលំទូលាយពីប្រទេសទាំងពីរ។
នៅក្នុងដំណាក់កាលទី១នៃការតភ្ជាប់នេះ ប្រជាជនកម្ពុជាអាចធ្វើការទូទាត់ទំនិញនិងសេវានៅប្រទេសម៉ាឡេស៊ីបានដោយគ្រាន់តែស្គេនឃ្យូអរកូត (DuitNow QR Code) ដែលតាំងបង្ហាញដោយពាណិជ្ជករតាមរយៈការប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong app) និងកម្មវិធីធនាគារចល័តរបស់ធនាគារមេឃប៊ែង (M2U KH app)។
សម្រាប់ដំណាក់កាលបន្ទាប់ ប្រជាជនមកពីប្រទេសម៉ាឡេស៊ីនឹងអាចធ្វើការទូទាត់ទំនិញនិងសេវាទៅកាន់ពាណិជ្ជករនៅក្នុងប្រទេសកម្ពុជា ដោយស្គេនខេអេចឃ្យូអរកូត (KHQR Code) តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារជាសមាជិក។
គួរបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បន្ទាប់ពីធនាគារកណ្តាលទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពី«កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់» កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ហើយគម្រោងតភ្ជាប់ការទូទាត់ឆ្លងដែននេះ ត្រូវបានចែកចេញជាពីរដំណាក់កាល ដែលថ្ងៃនេះជាថ្ងៃដាក់ឱ្យដំណើរការដំណាក់កាលទី១៕