ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង សម្ភារៈធ្វើដំណើរសម្រាប់ឆ្នាំ២០២៥ ឡើងបាន ៤ដុល្លារបន្ថែមទៀត ដែលធ្វើឲ្យប្រាក់ឈ្នួលសរុបកើនបាន ២០៨ដុល្លារ ក្នុងមួយខែ។ ការតម្លើងប្រាក់ឈ្នួល ៤ដុល្លារបន្ថែមសម្រាប់វិស័យនេះ គឺបន្ទាប់ពីមានកិច្ចប្រជុំត្រីភាគីចុងក្រោយ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ២០៦ដុល្លារ។ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានសម្រេចបន្ថែម ២ដុល្លារទៀត ដូច្នេះប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺ២០៨ដុល្លារ។នេះបើយោងតាមការប្រកាសពីសម្តេច ហ៊ុន ម៉ាណែត។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិត។
បើតាមសម្តេច ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចបានជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា សម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និង ដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត៕