Cc time web banner 054637

រដ្ឋមន្ត្រីក្រសួងចំនួន៣ដឹកដៃគ្នាជំរុញឱ្យមាន«សហគមន៍កសិកម្មទំនើប,ការប្រើប្រាស់ទឹកនិងភូមិគំរូ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង លោក  ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងចំនួន ៣ ក្នុងនោះមាន រដ្ឋមន្ត្រីក្រសួងធនធានទឹក ក្រសួងកសិកម្ម និង ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ជាកិច្ចប្រជុំ ក្នុងគោលដៅ ដើម្បីជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និង សហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និង កែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន។

ក្នុងកិច្ចប្រជុំលើកទី២នេះ រដ្ឋមន្ត្រីក្រសួងចំនួន ៣ បានពិភាក្សាពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរក្រសួង និង របាយការណ៍សង្ខេបលទ្ធផលកិច្ចប្រជុំលើកដំបូងនៃក្រុមការងារអន្តរក្រសួង ទី២)ការរៀបចំបង្កើតលេខាធិការដ្ឋានសម្រាប់គាំទ្រដល់ដំណើរការក្រុមការងារអន្តរក្រសួង និង សេចក្តីព្រាងលក្ខខណ្ឌការងារ(ToR) របស់លេខាធិការដ្ឋាន និងទី៣)លក្ខខណ្ឌវិនិច្ឆ័យរួម និង ការកំណត់តំបន់គោលដៅអនុវត្តសកម្មភាពដែលមានលក្ខណៈសម្របសម្រួល សមាហរណកម្មគ្នា សំដៅជួយដល់សហគមន៍គោលដៅតាមមូលដ្ឋាន(MAC/FWUC/MV) ឱ្យទទួល បានអត្ថប្រយោជន៍ជាអតិបរិមា និងជំហានបន្ទាប់។

កិច្ចប្រជុំអន្តរក្រសួងលើកទី១ ក្រសួងទាំង៣នេះ បានសម្រេចនូវលទ្ធផលមួយចំនួនដោយ កំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងទាំងបី ដោយដាក់កម្លាំង និងធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ ទី២)ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការ និង ទម្លុះនូវភាពរាំងស្ទះទាំងឡាយ ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់ ទី៣)ផ្សារភ្ជាប់គម្រោង និង កម្មវិធីនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និង ភូមិគំរូ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា និង ទី៤)ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រៀងរាល់បីខែម្ដង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការអនុវត្តការងារបន្ត៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង