Cctimesw1140xh150cm copy

កម្ពុជា-អឺរ៉ុបជួបសន្ទនាគ្នាលើកដំបូងក្នុងន័យ«ថែទាំ និង ទាក់ទាញ»វិនិយោគពីអឺរ៉ុប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា និង សហភាពអឺរ៉ុប បានជួបសន្ទនារួមគ្នាជាលើកដំបូង ក្នុងគោលដៅថែទាំ ការវិនិយោគ ក៏ដូចជាដោះស្រាយរាល់បញ្ហាប្រឈមរបស់វិនិយោគិនអ៊ឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និង លើកកម្ពស់ទំនុកចិត្តជូនដល់បណ្ដាវិនិយោគិនអ៊ឺរ៉ុបផ្សេងទៀតដែលមានបំណងជ្រើសរើសកម្ពុជាទីតាំងវិនិយោគ។កិច្ចសន្ទនានេះ កម្ពុជាចាត់ទុកថា ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដាប់អំពីកង្វល់របស់វិនិយោគិនអឺរ៉ុប ដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។

កិច្ចសន្ទនាលើកដំបូងនេះ រៀបចំឡើងដោយមាន លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក អ៊ីហ្គ័រ ឌ្រីសមែន្ស ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និង ក្រុមអ្នកវិនិយោគមកពីសហភាពអឺរ៉ុបជាច្រើនរូបទៀត។

ក្នុងនាមជាម្ចាស់ផ្ទះ លោក ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅក្រុមអ្នកវិនិយោគអឺរ៉ុប និង បានអះអាងថា កម្ពុជាបានបើកចំហរទទួលការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់នៅលើសកលលោក ហើយបច្ចុប្បន្នក្រៅអំពីការសម្របសម្រួលនិងថែទាំវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តខិតខំគោះទ្វារវិនិយោគិនមានសក្ដានុពលពីប្រទេសនានា មានជាអាទិ៍ សហភាពអ៊ឺរ៉ុបជាដើម។សម្រាប់លោក ស៊ុន ចាន់ថុល

កម្ពុជាគ្រោងនឹងរៀបចំទស្សនកិច្ចគោះទ្វារវិនិយោគិននៅសហភាពអ៊ឺរ៉ុបជាលើកទី២ នាពេលឆាប់ៗខាងមុខនេះ។

លោក អ៊ីហ្គ័រ ឌ្រីសមែន្ស ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានហៅកិច្ចសន្ទនានាពេលនេះ ជាឱកាសថ្មីដែលនាំមកនូវជំនួបពិភាក្សាគ្នារវាងគ្រប់ភាគីពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអ៊ឺរ៉ុប ដើម្បីពិនិត្យលើបញ្ហាប្រឈមនានារបស់វិនិយោគិន។ លោកបានគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី២ ទៅសហភាពអ៊ឺរ៉ុប។ សហភាពអ៊ឺរ៉ុប នឹងបន្តផ្ដល់កិច្ចសហការនានាមកកម្ពុជា ដើម្បីជាចំណែកបង្កើនតម្លៃនៃការអភិវឌ្ឍសង្គមកម្ពុជាបន្ថែមទៀត។

គួរបញ្ជាក់ថា កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១នេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដើម្បីប្រើប្រាស់កិច្ចសន្ទនានេះជារបៀបវារៈផ្លូវការរួមគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអ៊ឺរ៉ុប សម្រាប់ស្ដាប់និងដោះស្រាយរាល់បញ្ហាប្រឈមរបស់វិនិយោគិនអ៊ឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និង លើកកម្ពស់ទំនុកចិត្តជូនដល់បណ្ដាវិនិយោគិនអ៊ឺរ៉ុបផ្សេងទៀតដែលមានបំណងជ្រើសរើសកម្ពុជាទីតាំងវិនិយោគ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង