ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) សន្យានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។ ការសន្យានេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាង លោកសាស្រា្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) ប្រធានតំណាងការិយាល័យJICA នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់អ្នកជំនាញបច្ចេកទេស និងការផ្តល់ជំនួយហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្រទានឥតសំណងដល់វិស័យសុខាភិបាល ដូចជាសាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ នៅតាមមន្ទីរពេទ្យជាច្រើនក្នុងប្រទេសកម្ពុជា ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលជាច្រើនជាង៣ទសវត្សរ៍កន្លងមក និងបាននឹងកំពុងជួយជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ពិសេសបន្តពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល។
លោកសាស្ត្រាចារ្យក៏បានបញ្ជាក់ទៅភាគី JICA អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង និងការពង្រឹងស្ថាប័ន។
លោក សាណុយ កាហ្សូម៉ាស្សា ប្រធានតំណាងការិយាល័យប្រចាំប្រទេសកម្ពុជា បានថ្លែងការកោតសរសើរ លោកសាស្ត្រាចារ្យ ឈាង រ៉ា ដែលបន្ទាប់ពីទទួលបាននូវការទុកចិត្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ បានគាំទ្រពង្រឹង និងពង្រីកគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងក្លា។
ប្រធានJICAរូបនេះ ក៏បានសន្យានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល៕