681 ezgif.com resize
Swift cc time

រថយន្តក្រុង«៦៥៣គ្រឿង»ត្រៀមរៀបចំដឹកពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រថយន្តក្រុងចំនួន ៦៥៣គ្រឿង នឹងត្រៀមរៀបចំសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ «ជិះមិនបង់ប្រាក់» ដើម្បីជួយសម្រួលដល់ការចំណាយជូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ។

យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី ១៨ ខែកញ្ជា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ «ដោយជិះមិនបង់ប្រាក់» ដើម្បីជួយសម្រួលដល់ការចំណាយ ជូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ក្នុងនោះ៖ ទី១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿងសម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ និងទី២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង។

ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ៕


Khcct banner

អត្ថបទទាក់ទង