681 ezgif.com resize
Swift cc time

កម្ពុជានឹងទទួលរងឥទ្ធិពលពី​«ប្រព័ន្ធ​​វិសម្ពាធ»នាំខ្យល់,ភ្លៀង,ផ្គរ,រន្ទះច្រើនលើសពីធម្មតា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ស្ថានភាពអាកាសធាតិក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នឹងទទួលរងឥទ្ធិពលពី​ប្រព័ន្ធ​​វិសម្ពាធ​ ដែល​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​កណ្ដាល​ ប្រទេស​វៀតណាម​ និងភាគ​កណ្ដាល​នៃ​ទន្លេមេគង្គ​។​ ប្រព័ន្ធ​វិសម្ពាធ​នេះ​ និង​របប​ខ្យល់​មូសុង​និរតី​មាន​ឥទ្ធិពល​ខ្លាំង​​លើកម្ពុជាដោយនាំយកនូវ ព្យុះ ភ្លៀង ផ្គរ រន្ទះ កើតមានច្រើនតំបន់មួយចំនួនលើសពីធម្មតា។

យោតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើកម្ពុជានឹងបណ្តាលឱ្យតំបន់វាលទំនាបដូចជា ខេត្តបន្ទាយមានជ័យ តាកែវ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល និង រាជធានីភ្នំពេញ មាន ភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និង ខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់)។

ចំណែកតំបន់ខ្ពង់រាបមាន៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតន់គិរី មណ្ឌលគិរី និង តំបន់ជួរភ្នំក្រវាញ មេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមាន ខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនបង្គួរ។

ចំពោះតំបន់មាត់សមុទ្រដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ នឹងមាន ភ្លៀង ផ្គរ រន្ទះ ច្រើនខ្លាំងលើសពីកម្រិតធម្មតា និង មានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់។ដើម្បីការពារគ្រោះថ្នាក់ អាជ្ញាធរ បានអំពាវនាវដល់ប្រជានេសាទ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចជាកត្តាបណ្ដាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ៕


Khcct banner

អត្ថបទទាក់ទង