ព្រះសីហនុ៖ នៅវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញានេះ នៅចន្លោះគីឡូម៉ែត្រ K168 - K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងបង្អុរយ៉ាងខ្លាំង។
យោងតាមសេចក្តីរាយការណ៍ពីក្រុមអ្នកយកព័ត៌មានប្រចាំខេត្តព្រះសីហុន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ហើយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ។
ជាមួយគ្នានេះ មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ បើកបរដោយប្រុងប្រយ័ត្ន និង ត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និង មើលផ្ទាំង LEDដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព៏័ត៌មានផ្សេងៗ៕