ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការអភិវឌ្ឍរួមគ្នាក្នុងច្រករបៀងមច្ឆា និងអង្ករ»។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា ការងារនេះគឺស្ថិតក្នុងការជជែកពិភាក្សា ដើម្បីព្រៀងផែនការ ហើយនឹងបន្តធ្វើការពិភាក្សាបន្ថែមទៀតដើម្បីសម្រេចចេញជាលទ្ធផល។
គួរបញ្ជាក់ថា កម្ពុជា និងចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ច្រករបៀងមច្ឆា និងអង្ករ ដោយផ្តោតលើការអភិវឌ្ឍវារីវប្បកម្ម កសិកម្មកែច្នៃ កសិកម្មអេកូឡូស៊ី ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាកសិកម្មថ្មី និងធនធានមនុស្ស។
ច្រករបៀងមច្ឆា និងអង្ករ ផ្តោតសំខាន់លើកសិផល ដូចជា ត្រី អង្ករ ផ្លែឈើត្រូពិច បន្លែ និងធាតុចូលកសិកម្មនានា (ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ) ដើម្បីបង្កើនទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។ ដើម្បីសម្រេចគោលបំណងនៃច្រករបៀងមច្ឆា និង អង្ករ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការអភិវឌ្ឍវារីវប្បកម្ម កសិកម្មកែច្នៃ កសិកម្មអេកូឡូស៊ី ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាកសិកម្មថ្មី និងធនធានមនុស្ស។ តំបន់នានាដែល បង្ហាញពីកសិកម្មទំនើបនឹងត្រូវបានបង្កើតឡើងនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរកសិកម្មឌីជីថលក៏នឹងត្រូវបានអនុវត្ត៕