ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈបញ្ជាការឯកភាពស្រុក ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះ មានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងត្រូវមានការប្រុងប្រយ័ត្នកូនចៅ ត្រូវចេះអនាម័យខ្លួន ផឹកស្អាត ហូបស្អាត ដើម្បីចៀសផុតពីជំងឺផ្សេងៗ។
គួរបញ្ជាក់ថា ដោយសារតែខ្យល់លាយឡំ និងភ្លៀងបានធ្លាក់ជាបន្តបន្ទាប់តាំងពីម៉ោង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើឱ្យមានជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិ១ រងគ្រោះ ចំនួន ២៧គ្រួសារ និងភូមិ២ ចំនួន ២៤គ្រួសារ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕