Cc time web banner 054637

រកឃើញ«បំណែកក្បាលនាគ»នៅក្នុងសាលរបាំនៃប្រាសាទតាព្រហ្ម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ រកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធបដិមាប្រក់នាគ តម្កល់នៅក្នុងសាលរបាំនៃប្រាសាទតាព្រហ្ម រួមទាំងបំបែកផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។ ការរកឃើញនេះ គឺអំឡុងពេលក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងធ្វើកំណាយនៅក្នុងបរិវេណប្រាសាទតាព្រហ្ម។

លោកស្រី នេត ស៊ីមន បុរាណវិទូ បានឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣នៃប្រាសាទតាព្រហ្មបានប្រទះឃើញបំណែកខ្លួននាគមួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគ មួយផ្នែកកប់នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគ ដែលជាដងខ្លួននាគរបស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុងសាលរបាំ។

ប៉ុន្តែ បំណែកក្បាលនាគមានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់ក្នុងទម្រង់ដូចគ្នា។ តាមស្ថានភាពនៃបំណែកក្បាលនាគកប់នៅក្នុងដីនេះ គឺមានការរៀបចំទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុកនៅទីតាំងនេះ ដោយការគោរព ដែលប្រហែលជានៅក្រោយរាជព្រះបាទជ័យវរ្ម័នទី៧ ពេលដែលផ្លាស់ប្ដូរសាសនាពីពុទ្ធសាសនាមហាយានទៅព្រហ្មសាសនាវិញ។

អ្នកជំនាញសង្ឃឹមថា នឹងអាចរកឃើញផ្នែកផ្សេងៗរបស់ពុទ្ធបដិមាប្រក់នាគដ៏ធំមួយនេះបន្ថែមទៀតនាពេលអនាគ ដើម្បីយកមកផ្គុំឡើងវិញ ឱ្យបដិមានេះពេញរូបរាង ទុកឱ្យពុទ្ធសាសនិកគោរពបូជាតាមជំនឿ៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង