ហ្សាការតា,ឥណ្ឌូនេស៊ី៖ ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាជាច្រើនមុខ ត្រូវបានដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍ Indonesia Plantation Expo (BUNEX 3rd 2024) ដែលសហការរៀបចំឡើងដោយក្រុមហ៊ុន TRIBUN EO Gramedia Compass និងអគ្គនាយកដ្ឋានដាំដុះ នៃក្រសួងកសិកម្មឥណ្ឌូនេស៊ី ចាប់ថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤។
លោក កាន់ វិសិដ្ឋ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសឥណ្ឌូនេស៊ី បានចូលរួមជាមួយមន្រ្តីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី រៀបចំស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងហ្សាការតា នៅក្នុងកម្មវិធីពិព័រណ៍ Indonesia Plantation Expo (BUNEX 3rd 2024)។
ពិពរ័ណ៍ខាងលើបានដាក់តាំងបង្ហាញផលិតផលកសិកម្ម ដូចដូងប្រេង អង្ករ កាហ្វេ តែ កូកា កៅស៊ូ និងផលិតផលផ្សេងៗ ទៀត ព្រមទាំងគ្រឿងយន្តកសិកម្មផងដែរ។ ដោយឡែកនៅក្នុងស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជា មានដាក់តាំងបង្ហាញនូវផលិតផលមានសក្តានុពលកម្ពុជាមួយចំនួន រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌគីរី ដំណាប់ស្វាយ ស្រាធ្វើពីអង្ករ គ្រឿងទេសធ្វើម្ហូបដូចជា គ្រឿងអាម៉ុក គ្រឿងការីក្រហម គ្រឿងកកូរ គ្រឿងម្ជូគ្រឿង គ្រឿងបាយឆា និងក្រម៉ាខ្មែរ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ នៅក្នុងទីផ្សារ ប្រទេសឥណ្ឌូនេស៊ី បង្ហាញជូនភ្ញៀវជនជាតិឥណ្ឌូនេស៊ី និងបរទេស៕