ព្រះវិហារ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំង សហការីនៅថ្ងៃទី១៤ ខែកញ្ញានេះ បានជួបសំណេះ សំណាល សួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកាមួយចំនួន ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ប្រមាណ ៣០០នាក់ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។
នៅក្នុងឱកាសចុះ ជួបសូរសុខទុក្ខ និងសំណេះសំណាលនោះ លោក កៅ ថាច ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ ៨ និងបងប្អូនពលទាហានទាំងអស់ដែលបានខិតខំការពារបូរណភាពទឹកដីកម្ពុជាមិនអោយបាត់បង់សូម្បីតែមួយមីលីម៉ែត្រ។ លោកនិងសហការី ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ មីប្រេងឆា ឆាយប៉ូវ អន្សមជ្រូក អន្សមចេក និងថវិកាមួយចំនួនសម្រាប់ឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ តំបន់ប្រាសាទព្រះវិហារ ។
បន្ទាប់ពីសំណេះសំណាលនិងសួរសុខ ទុក្ខរួចមក លោក កៅ ថាច ព្រមទាំង គណៈប្រតិភូអមដំណើរ បានអញ្ជើញទៅសួរសុខទុក្ខដល់បងប្អូនយុទ្ធជនដែលកំពុងឈរជើងនៅខ្សែបន្ទាត់ព្រំដែនក្នុងកងវរ:សេនាតូចទាំង៥ ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៨ ផងដែរ៕