Cctimesw1140xh150cm copy

អគារថ្មីទាំងបីនៃមន្ទីរពេទ្យកាល់ម៉ែតត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្រ្តស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងអង្គទូតនានា តំណាងក្រសួង ស្ថាប័ននានា និងដៃគូអភិវឌ្ឍន៍ទាំងអស់។

អគារទាំងបីខាងលើនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពដោយធានាបានការថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋ សម្រាប់បង្កើនសមត្ថភាពមន្ទីរពេទ្យក្នុងការទទួលពិនិត្យព្យាបាលអ្នកជំងឺ និងបង្កើនសមត្ថភាពបច្ចេកទេសតាមជំនាញឯកទេសនីមួយៗ ប្រកបដោយនវានុវត្តន៍ រួមទាំងចំណតដែលអាចផ្ទុកទោចក្រយានយន្ត ចំនួន ៤៦៥គ្រឿង និងរថយន្តចំនួន ៥៤៦គ្រឿង។

អគារថ្មីនេះនឹងត្រូវបំពាក់ដោយសម្ភារ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារចនាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងដាក់ឱ្យប្រើប្រាស់ ជាអគារពហុមុខងារ ពិសេស សម្រាប់ពហុឯកទេសពាក់ពន្ធ័ ដូចជាសមត្ថភាពធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបែបកម្រឹតស្មុគស្មាញករណីជំងឺមហារីក ជំងឺមិនឆ្លងរ៉ាំរ៉ៃ ដែលមានផលលំបាកផ្សេងៗ សំដៅឆ្លើយតបបានទៅនឹងការវិវត្តនៃតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ។

បើតាមក្រសួងសុខាភិបាល សមិទ្ធផលជាតិថ្មី បន្ថែមមួយទៀត ដ៏ទំនើបឈានមុខនេះ នឹងជួយជំរុញឱ្យកម្ពុជា អភិវឌ្ឍវិស័យសុខាភិបាលឈានដល់កម្រិតស្តង់ដាតំបន់ និង អន្តរជាតិមួយចំណែកបន្ថែមទៀត។

គួរបញ្ជាក់ថា អគារមជ្ឈមណ្ឌលកណ្តាលនេះមានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុងនេះ មានបណ្តោយ ១៤,៩ ម៉ែត្រ ទទឹង ១១,៧ ម៉ែត្រ និងកម្ពស់ ០២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ ម៉ែត្រការ៉េ។

អគារចំណត នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកទទួលសេវាពិគ្រោះ និងសេវាព្យាបាលនៅមន្ទីរពេទ្យ។ អគារចំណត មានបណ្តោយ ៧២ ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់ ស្មើនឹង ២៨,៥៦៨ ម៉ែត្រក្រឡា ដែលអាចផ្ទុកម៉ូតូ ចំនួន ៤៦៥គ្រឿង រថយន្តចំនួន ៥៤៦គ្រឿង រួមមានអាហារដ្ឋាន ផ្នែកបច្ចេកទេសអេឡិចត្រូនិច និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ឬហៅថា Simulation Center៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង